(ព្រះវិហារ)៖ បន្ទាប់ពីបានដំណើរការ សាងសង់អស់រយៈ៥ឆ្នាំរួចមក មន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រអែម ក្រោមជំនួយឧបត្ថម្ភ ពីក្រសួងការពារប្រទេសវៀតណាម ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីបំរើសេវាថែទាំសុខភាព ដល់កងទ័ព និងគ្រួសារកងទ័ព តាមបណ្តោយព្រំដែនខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែមេសា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯក ង្វៀន អាញ់យុង អនុពន្ធ័យោធាវៀតណាម ប្រចាំនៅកម្ពុជា។

លោក វរសេនីយ៍ទោ វេជ្ជបណ្ឌិត នូ សារិន នាយកមន្ទីរពេទ្យ សម្តេចតេជោ ស្រអែម បានបញ្ជាក់ឲ្យដឹងថា មន្ទីរពេទ្យមានអគារចំនួន ៧ខ្នង បែងចែកជាអគាររដ្ឋបាល និងឱសថ ១ខ្នង, អគារអ្នកជំងឺសំរាក ៥ខ្នង និង អគារបច្ចេកទេស១ខ្នង មានបុគ្គលិកពេទ្យចំនួន ៦២នាក់ មានសមត្ថភាពសង្គ្រោះ ព្យាបាលទូទៅ, វះកាត់មធ្យម និងសម្ភពផងដែរ។​

លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងថា ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិយើង ទទួលបានសន្តិភាព នៅទូទាំងប្រទេស និងមានការរីកចម្រើន លើគ្រប់វិស័យ ហើយចាត់ទុកថា មន្ទីពេទ្យសម្តេចតេជោស្រអែម ដែលបានសម្ពោធនាពេលនេះ បានរួមចំណែក ផ្តល់ភាពងាយស្រួលដល់កទ័ព និងប្រជាពលរដ្ឋ រស់នៅតាមបណ្តោយ ព្រំដែនក្នុងខេត្តព្រះវិហារ ក្នុងការព្យាបាលជំងឺ ថែទាំសុខភាព ពីព្រោះថា មន្ទីរពេទ្យនេះ មានវេជ្ជបណ្ឌិត និងគ្រូពេទ្យជំនាញ និងបានបំពាក់នូវ សម្ភារៈបរិក្ខារពេទ្យ ទំនើបថែមទៀត។

គួរបញ្ជាក់ថា បន្ទាប់ពីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យសម្តេចតេជោស្រអែម លោកនាយឧត្តមសេនីយ៍ ក៏បាននាំយកនូវអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋ ៥០០គ្រួសារផងដែរ៕