(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលខំចំណាយលុយរាប់ពាន់ដុល្លារ ទៅទិញផ្ទះល្វែងនៅក្នុងបូរី «លឹម ឈាងហាក់» ស្ថិតនៅតាមផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានរិះគន់យ៉ាងខ្លាំង​ចំពោះ​ប្រព័ន្ធទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃថា «ហូរដូចកូនក្មេងនោម»។ ពួកគាត់បានលើកឡើងថា មានលុយរាប់ពាន់ដុល្លារទៅទិញផ្ទះក្នុងបូរី តែសម្រាប់ទឹកប្រើប្រាស់វិញ ប្រៀបបានដូចការស់​នៅលើវាល​ខ្សាច់​សាហារ៉ាចឹង។

បុរសម្នាក់ដែលរស់នៅក្នុងបូរីមួយនេះ បានផ្ញើរូបថត និងវីដេអូ មកកាន់ការិយាល័យ Fresh News នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ ដោយចង់បង្ហាញទៅកាន់​ប្រជាពលរដ្ឋផ្សេងទៀតថា បើមាន​ផែន​ការចង់​ទិញផ្ទះល្វែងរស់នៅ ក្នុងបូរីមួយនេះ សូមត្រៀមយកទឹក និងទិញទឹកទុកឲ្យហើយផង ដើម្បីប្រើប្រាស់ និងការហូបចុកពីព្រោះ ស្ថានភាពនៃការផ្គត់ផ្គង់ទឹករបស់បូរី មានភាពរអាក់រអួល​យ៉ាងខ្លាំង ហើយមានថ្ងៃខ្លះដាច់ទៀតផង។ បើតាមប្រជាពលរដ្ឋរូបនេះ ម្ចាស់បូរី មិនបានឲ្យរដ្ឋចូលមកផ្គត់ផ្គង់ទឹកជូនពួកគាត់នោះទេ ពោលបានជួលឲ្យក្រុមហ៊ុន របស់លោកឧកញ៉ា កុក អាន ជាអ្នក​រៀបចំជូន ដែលធ្វើឲ្យមានការលំបាកយ៉ាងដូច្នេះ។ សម្រាប់ដំណោះស្រាយវិញ នៅពេលដែលប្រជាពលរដ្ឋទៅសួរនាំ ស្រាប់តែខាងម្ចាស់បូរី មិនជួយដោះស្រាយជូនទៅវិញ ដែលធ្វើឲ្យប្រជាពលរដ្ឋរាប់​សិបគ្រួសារខកបំណងយ៉ាងខ្លាំង និងខ្លះទៀតចង់លក់ផ្ទះចេញវិញថែមទៀតផងពីព្រោះតែប្រព័ន្ធទឹកនេះ។ សម្រាប់ទឹកដែលត្រូវប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃ គឺពួកគាត់ យកធុងទៅត្រង់ជារៀងរាល់ថ្ងៃ បើមិនធ្វើដូច្នេះទេ ច្បាស់ជាគ្មានទឹកសម្រាប់ងូត សម្រាប់បោកសម្លៀកបំពាក់ និងដាំបាយធ្វើម្ហូបនោះឡើយ។ ចំពោះបញ្ហានេះ Fresh News មិនទាន់អាចសុំការបកស្រាយពីម្ចាស់បូរី «លឹម ឈាងហាក់» បាននៅឡើយទេ នៅរសៀលថ្ងៃដដែលនេះ៕

Posted by Fresh News Photo on Saturday, April 9, 2016