(កណ្តាល)៖ អាជ្ញាធរខេត្តកណ្តាល នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចបើកចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទឡើងវិញ លើកំណាត់ផ្លូវជាតិលេខ២០ ផ្លូវជាតិលេខ១២០ ផ្លូវលេខ1KD9 (៣៤) ផ្លូវលេខ1KD11 (១៤៣)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល។

សេចក្តីជូនដំណឹងខាងលើ បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ នៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងបានហើយ ហើយទីតាំងដែលបានលិច បាននិងកំពុងស្រកចុះជាបណ្តើរៗ ឈានទៅរកប្រក្រតីជាធម្មតាឡើងវិញ។ ដូចនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បើកចរាចររថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទឡើងវិញ នៅលើកំណាត់ផ្លូវជាតិលេខ២០ ផ្លូវជាតិលេខ១២០ ផ្លូវលេខ1KD9 (៣៤) ផ្លូវលេខ1KD11 (១៤៣) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕