(ភ្នំពេញ)៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Phnom Penh Digital Service (PPDS) ដែលដឹកនាំដោយលោក លី ខេមរា នាយកក្រុមហ៊ុន ដើម្បីអប់រំកម្មវិធីបណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសផ្នែកព័ត៌មានវិទ្យា។

លើកឡើងនាឱកាសនោះ លោក ហឿន សំនៀង បានថ្លែងអំណរគុណ ចំពោះលោក លី ខេមរា ដែលបានសហប្រតិបត្តិការរួមគ្នាជាមួយវិទ្យាស្ថានតេជោសែន ក្នុងក្របខណ្ឌអប់រំកម្មវិធីបណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ដែលក្នុងនោះក្រុមហ៊ុន PPDS បានយល់ព្រមផ្តល់នូវកម្មវិធីឌីជីថល ពាក់ព័ន្ធនឹង ការបង្រៀន និងការរៀន ការគ្រប់គ្រងថ្នាក់ និងសកម្មភាពពាក់ព័ន្ធ ជូនដល់វិទ្យាស្ថានដោយឥតគិតថ្លៃ ក៏ដូចជាការផ្តល់អត្ថប្រយោជន៍ជូនគ្នាទៅវិញទៅមកផងដែរ។

លោក ហឿន សំនៀង ក៏បានគូសបញ្ជាក់នូវការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការស្ថាបនា ជួសជុលនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលជាសរសៃឈាម នៃការដឹក ជញ្ជូន ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចជាតិ ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងស្របតាមចក្ខុវិស័យវែងឆ្ងាយ និងមោះមុតរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល។

លោកនាយកវិទ្យាស្ថានតេជោសែន បានបញ្ជាក់ដែរថា វិទ្យាស្ថានតេជោសែន បានធ្វើការបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ អាចធ្វើការជាមួយអ្នកដទៃបាន និងមានសីលធម៌ គុណធម៌ អត្តចរិត ចរិយាសម្បត្តិ និងគុណតម្លៃត្រឹមត្រូវក្នុងឋានៈជាអ្នកបន្តវេនដ៏មានសក្តានុពលប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតរបស់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដឹកជញ្ជូន។

លោក លី ខេមរា ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលការងារសម្រេចបានសំខាន់ៗរបស់ខ្លួនរួមមាន ការបង្កើតប្រព័ន្ធដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃមួយចំនួន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ក្នុងនោះរួមមានដូចជា៖ ប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការបណ្ដុះបណ្ដាលអនឡាញ ប្រព័ន្ធរៀនអនឡាញ ប្រព័ន្ធគ្រប់គ្រងការលក់ទំនិញអនឡាញ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន ប្រព័ន្ធគ្រប់គ្រងសេវាថែរក្សាយានយន្ត ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ និងថែទាំអ្នកជំងឺតាមអនឡាញ និងការផ្ដល់សេវាកម្មអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់អាជីវកម្មផ្សេងៗទៀតផងដែរ។

សូមជម្រាបដែរថា វិទ្យាស្ថានគ្រោងបើកការប្រឡងជ្រើសរើសនិស្សិតជំនាន់ទី២ ឱ្យចូលរៀននៅខែមករា ឆ្នាំ២០២២ ហើយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក៏កំពុងត្រៀមបើក ដំណើរការរៀននិងការបង្រៀនផ្ទាល់ ដោយគោរពយ៉ាងម៉ត់ចត់ និងអនុវត្តវិធានការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានរបស់ក្រសួងសុខាភិបាល នាពេលខាងមុខនេះផងដែរ៕