(សៀមរាប)៖ ប្រធានការិយាល័យចរាចរណ៍ខេត្ដសៀមរាប លោកជឹម សុវណ្ណា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ បានថ្លែងថាប្រាប់អង្គភាព Fresh news ថា នៅពេលនេះ កម្លាំងចរាចរណ៍​ខេត្ដជាង២០០នាក់ និងកម្លាំងចរាចរណ៍ ពីក្រសួងមហាផ្ទៃជាង១០០នាក់ទៀត បានត្រៀមលក្ខណៈសម្បត្ដិរួចរាល់អស់ហើយ ក្នុងការតៀមរៀបចំសម្រួលចរាចរណ៍ និងការពារសុវត្ថិភាព​ជូនប្រជាពលរដ្ឋ​ខ្មែរ និងភ្ញៀវទេសចរណ៍ដែលមកកំសាន្ដកម្មវិធីអង្គរសង្ក្រាន្ដ និងតាមតំបន់ផ្សេងៗក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។

លោក បានថ្លែងទៀតថា «ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងកម្លាំងនគរបាលទាំងអស់បានសហការគ្នា និងខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីជួយ​សម្រួលប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយកម្លាំង​នគរបាលទាំងអស់​មិនបានជួបជុំគ្រួសារ​នោះទេ តែទោះបីជាលំបាកប៉ុណ្ណា ក៏យើងទាំងអស់​គ្នាសប្បាយរីករាយ​ដែល​បាន​ជួយ​ការពារ សុវត្ថិភាព​ប្រជាពល​រដ្ឋយើង​ទាំងជាតិ និងអន្ដរជាតិ»

លោក ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលទៅកំសាន្ដនៅខេត្ដសៀមរាប បើមានបញ្ហាអ្វីកើតឡើង សូមមេតា្ដមករាយការណ៍​ឲ្យកម្លាំងនគរបាល ដែលបានដាក់​ពង្រាយការពារ​គ្រប់ទី​កន្លែង​តាមតំបន់នានា ក៏ដូចជានៅជុំវិញ​ប្រាសាទអង្គរវត្ដ និងកន្លែងប្រារព្ធពិធីផ្សេងៗផងដែរ៕