(ភ្នំពេញ)៖ ថ្លែងពីលើស្ពានជ្រោយចង្វារ នាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង ដែលទើបនឹងផ្លាស់មកដឹកនាំ នៅក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា នឹងចាត់វិធានការក្តៅដល់ម្ចាស់ ឬក្រុមហ៊ុនណាដែលប្រើប្រាស់ រថយន្តដឹកទំនិញលើសទំងន់បង្កឲ្យមានការខូចផ្លូវ ព្រមទាំងនឹងមានផែនការផ្លាស់ប្តូរពេលវេលានៃការធ្វើលូ និងផ្លូវថ្នល់នៅពេលយប់វិញ ដើម្បីកុំឲ្យបង្កការកក ស្ទះចរាចរណ៍ក្នុងការធ្វើដំណើរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹងបំផុត ទៅតាមច្បាប់កំណត់ដែលមានស្រេច នៅក្នុងច្បាប់ស្តីពីវិស័យដឹកជញ្ជូន ចំពោះរថយន្តដឹកជញ្ជូនណាដែលបង្កបញ្ហាដល់ផ្លូវថ្នល់ ហើយនឹងប្រកាសបញ្ចប់នូវវប្បធម៌ការចាក់ថ្នល់កៅស៊ូស្តើងៗ បង្កឲ្យផ្លូវងាយរងការខូចខាត។ លោករដ្ឋមន្រ្តីបានបន្តអះអាង ក្រុមហ៊ុនទទួលបានការសាងសង់ផ្លូវថ្នល់ នឹងត្រូវធ្វើឡើងតាមគណៈកម្មការដេញថ្លៃសម្រាប់សាងសង់ ជៀសវាងការដេញ ថ្លៃតាមខ្សែបក្ខពួក។

ក្រៅពីការព្រមាន លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមបើកបរឲ្យមានការប្រុងប្រយ័ត្នបំផុត ដើម្បីកុំឲ្យភាពសប្បាយក្លាយជាទុក្ខ ក្នុងរងគ្រោះថ្នាក់ចរាចណ៍រហូតដល់បាត់បង់ជីវិត ឬរងរបួស។

សូមជំរាបថា នៅវេលាម៉ោង១០យប់ថ្ងៃទី១០ ខែមេសានេះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារផ្ទាល់ ចុះធ្វើការជួសជុលអ៊ុតកៅស៊ូ លើកម្រាលស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន​ជ្រោយចង្វារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ លើស្ពានឲ្យមានភាពងាយស្រួលដល់។ ក្នុងការចុះពិនិត្យនោះ ដែរ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា ការងារអ៊ុតកៅស៊ូនកម្រាលស្ពានជ្រោយចង្វារនេះ អាចនឹងបញ្ចប់រួចរាល់នៅម៉ោង ៥៖០០នាទីព្រឹកថ្ងៃទី១១ ខែមេសា ស្អែកនេះ។

ការជួសជុលអ៊ុតកៅស៊ូជាបណ្តោះអាសន្ន លើកម្រាលស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន​ជ្រោយចង្វារ ចាប់ផ្តើមពីម៉ោង២២៖០០យប់ថ្ងៃទី១០ ខែមេសា ដល់ម៉ោង ៦៖០០នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ ក្រសួងសាធារណការ បានបញ្ជាក់ថា ក្នុងពេលដំណើរការអ៊ុតកៅស៊ូនេះ អនុញ្ញាតឲ្យធ្វើចរាចរបាន១ខ្សែយានយន្តលើកម្រាលស្ពាននេះ។ ក្រសួងសុំការយោគយល់អធ្យាស្រ័យ ចំពោះការរំខាន​ដល់ការធ្វើដំណើរ ដែលអាចបណ្តាល​មានការកក ស្ទះចរាចរក្នុងពេលដំណើរការការដ្ឋាននេះ៕

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា លោកនឹងរករូបមន្ត ដើម្បីកំណត់តម្លៃក្នុងការដឹកជញ្ជូន ដោយមិនឲ្យតម្លៃឡើងចុះតាមចិត្តនោះឡើយ។ លោក ស៊ុន ចាន់ុល ក៏បញ្ជាក់ពីជំហរក្នុងការរឹតបន្តឹងក្រុមជនខិលខូច ដែលចូលចិត្តរកស៊ីដឹកលើសទម្ងន់ផងដែរ។បើតាមលោក ស៊ុន ចាន់ថុល រថយន្តមួយដឹកល្មើស ១០តោននៅលើផ្លូវមួយ ស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើដំណើរ លើផ្លូវនោះ។ លោក ស៊ុន ចាន់ថុល ថ្លែងដូច្នេះ ក្នុងពេលចុះពិនិត្យការអ៊ុតកៅស៊ូ លុបសំបុកមាន់នៅលើស្ពានជ្រោយ ចង្វារចាស់នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។

Posted by Fresh News on Sunday, April 10, 2016