(ភ្នំពេញ)៖ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនហើយ នៅវេលាម៉ោងប្រមាណជាង១២យប់រំលងអាធាត្រចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នេះបើយោងតាមមន្រ្តីនគរបាលជាន់ខ្ពស់ ខេត្តសៀមរាបថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងយ៉ាងដូច្នេះ។

សមត្ថកិច្ចជាន់ខ្ពស់បានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ ហើយនៅពេលនេះលោក អ៊ុំ សំអាន កំពុងបញ្ជូនមកកាន់រាជធានីភ្នំពេញ។ ការបញ្ជូនខ្លួនលោក អ៊ុំ សំអាន អាចនឹងមកដល់រាជធានីភ្នំពេញ នៅម៉ោងប្រមាណជាង៧ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ។ តាមព័ត៌មានបានឲ្យដឹងថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន​នៅ​ម្តុំផ្សារ​កណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេល​លោក​ចុះដកលុយនៅទូរ ATM របស់ធនាគារ។ 

លោក អ៊ុំ សំអាន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកបានចាកចេញទៅអាមេរិក កាលពីពាក់កណ្តាលឆ្នាំ២០១៥។

សូមជំរាបថា លោក អ៊ុំ សំអាន នាពេលកន្លងទៅបានបង្ហោះផែនទីរបស់កម្ពុជាច្រើនសន្លឹក នៅលើ Facebook សុទ្ធសឹងតែផែនទីក្លែងក្លាយ ក្នុងគោលបំណង ដើម្បីបង្កភាពចលាចលនៅក្នុងសង្គម ហើយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ លោក អ៊ុំ សំអាន តំណាងរាស្រ្តខេត្តសៀមរាប ត្រូវបានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដាក់ទណ្ឌកម្ម វិន័យមួយចំនួន បន្ទាប់ពីសកម្មភាព ផ្សាយតាម​បណ្តាញព័ត៌​មានសង្គម ប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋសភា និងការជេរប្រមាថមើលងាយប្រធានរដ្ឋសភា ដែលផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។

គួររំលឹកថា លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ហើយលោកត្រូវបានសាលាដំបូង សម្រេចឃុំខ្លួនជាបណ្តោះអាស​ន្ន នៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ ចំនួន៣ករណីរួមមាន បទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ទាក់ទងនឹងផែនទី និងសន្ធិសញ្ញាឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម៕