(​ម៉ា​សេ​ដូនៀ​)៖ កងកម្លាំង​ប្រទេស​ម៉ា​សេ​ដូនៀ ចំនួន​២៣​នាក់ បាន​ទទួល​រងរបួស​បន្ទាប់ពី​បាន​ប៉ះទង្គិច គ្នា​ជាមួយនឹង​ក្រុម​ជនភៀសខ្លួន ដែល​ព្យាយាម​សម្រុកចូល​ទឹក​ប្រទេស​អឺរ៉ុប​មួយ​នេះ ដោយសារតែ​ការ គេចចេញ​ពី​ភាព​កកស្ទះ និង​យឺតយ៉ាវ​នៅ​ប្រទេសក្រិក​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​មេសា ឆ្នាំ​២០១៦​។​

​ក្រសួង​មហាផ្ទៃ​ម៉ា​សេ​ដូនៀ បានបញ្ជាក់​ថា កម្លាំង​ប៉ូលិស​សរុប ១៤​នាក់ និង​ទាហាន ០៩​នាក់​បាន​ទទួល រងរបួស ហើយ​រថយន្ត​ប៉ូលិស​បី​គ្រឿង និង​រថពាសដែក​យោធា​ប្រាំ​គ្រឿង ក៏​បាន​ទទួលរង​ការបំផ្លិច បំផ្លាញ​ដោយសារតែ​អំពើហិង្សា​រវាង​សមត្ថកិច្ច​និង​ជនភៀសខ្លួន​នោះ​ផងដែរ​។ ប៉ូលិស​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង កាណុង​បាញ់​ទឹក ដើម្បី​បញ្ឈប់​សកម្មភាព​តវ៉ា ហើយ​ក្រោយមក​ទៀត​សន្តិសុខ នៅតាម​ព្រំដែន​ម៉ា​សេ​ដូនៀ ត្រូវ​បាន​រឹតបន្តឹង​ខ្ពស់បំផុត​។​

​គួរបញ្ជាក់​ថា​ជនភៀសខ្លួន​ទាំងនោះ​ភាគច្រើន​មកពី​ប្រទេស​ស៊ី​រី ហើយ​ពី​ដំបូង​ពួកគេ​បាន​ស្នាក់នៅ ជម្រក​បណ្តោះអាសន្ន​ក្នុង​តំបន់ Idomeni នៃ​ប្រទេសក្រិក​។ សរុប​ជនភៀសខ្លួន​ដែល​បាន​សម្រុកចូល ប្រទេស​ម៉ា​សេ​ដូនៀ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោណ​បណ្តោះអាសន្ន​នោះ​មាន​ចំនួន​ជាង ៣,០០០​នាក់ ហើយ​ការប៉ះទង្គិច​គ្នា​វិញ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ​៕