(ប៉ៃលិន)៖ អ្នកសារព័ត៌មាន​ម្នាក់ ក្នុងចំណោម​៣​នាក់ ត្រូវ​មន្ត្រីនគរបាល​ស្រុក​សាលា​ក្រៅ​ម្នាក់ ជិះ​ម៉ូតូ​យក​កាំភ្លើង​ AK​ស្វាយ​បត់ ទៅ​គម្រាម​បាញ់សម្លាប់ ​នៅ​ក្នុងផ្ទះ​របស់ខ្លួន បន្ទាប់ពី​ពួកគេ​បាន​ចុះទៅ​សួរនាំ​ប្រជាពលរដ្ឋ​ ​នៅក្នុង​ភូមិ ដែល​ត្រូវ​មន្ត្រីនគរបាល​ ខិលខូច​រូបនោះ​យក​កាំភ្លើង ​ទៅ​បាញ់បោះ​សេរី​អស់​ចំនួន​៤​គ្រាប់ ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។

សេចក្តីរាយការណ៍ពីខេត្តប៉ៃលិន បានឲ្យដឹងថា លុះ​ត្រឡប់មក​ដល់ផ្ទះ​វិញ ស្រាប់តែ​នគរបាល​រូបនោះ បាន​ជិះ​ម៉ូតូ​ស្ពាយ​កាំភ្លើង​យកទៅ​ភ្ជង់​គម្រាម​បាញ់សម្លាប់​ នៅម៉ោង​៥៖​២០​នាទី​ល្ងាច ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងផ្ទះ​របស់​ជ​ន​រងគ្រោះ ឈ្មោះ អ៊ុក ទូច ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពី​វេលា​ម៉ោង​៩ ៖​៣០​នាទី​យប់ ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ មាន​បុរស​ម្នាក់ ឈ្មោះ ឃា សុខន ហៅ​ក្តាម ភេទ​ប្រុស អាយុ​ប្រហែល​២៨​ឆ្នាំ ជា​មន្ត្រីនគរបាល​ប្រចាំ​នៅ​ស្រុក​សាលា​ក្រៅ បាននាំគ្នា​ផឹកស៊ី​ស្រវឹង​ជាមួយ​មិត្តភក្តិ​រួច​យក​កាំ ភ្លើង​អាកា​ស្វាយ​បត់​បាញ់​ចូលទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង ​អស់​ចំនួន​៤​គ្រាប់ នៅក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ។ តែ​មិន​បណ្តាលឱ្យ​រងរបួស​ន​រណា​ម្នាក់​នោះឡើយ គ្រាន់តែ​ព្រលឹងចុងសក់ ហើយ​រើស​បាន​សំបក​គ្រាប់​ចំនួន​៤ និង​ក្បាល​គ្រាប់​១​ផងដែរ។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា បន្ទាប់ពី​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​មន្ត្រីនគរបាល​ខាងលើ​បាញ់បោះ​សេរី កា​លពី​ប៉ុន្មាន​ថ្ងៃមុន ទើប​កាលពី​វេលា​ម៉ោង​១៖​៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែមេសា នេះ ភ្នាក់ងារ​សារព័ត៌មាន​ចំនួន​៣​ស្ថាប័ន ​បាន​ចុះទៅ​សួរនាំ​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ ទី​១. ឈ្មោះ អ៊ុក ទូច ភ្នាក់ងារ​កាសែត​កម្ពុជា​អភិវឌ្ឍន៍ រស់នៅ​ភូមិ​ខាងលើ ទី​២. ឈ្មោះ អៀង សារ៉ូ​ន្នី​យ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌ មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង​ទី​៣. ឈ្មោះ ឡោ សុខ​ហៃ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​អប្សរា ទាំងពីរ​នាក់​រស់នៅ​ក្រុងប៉ៃលិន ។   ​

ប្រភព​បន្តទៀតថា លុះ​ភ្នាក់ងារ​សារព័ត៌មាន​ចំនួន​ពីរ​ស្ថាប័ន​បាន​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែ​ជនសង្ស័យ​រូបនោះ បាន​ស្ពាយ​កាំភ្លើង ជិះ​ម៉ូតូ​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ រួច​ភ្ជង់​គម្រាម​បាញ់សម្លាប់ បង្កឱ្យ​មានការ​ភ័យរន្ធត់ រួចរ​ត់ទៅ​គៀក​ជាប់ សម្របសម្រួល​តែម្តង ។

ចំណែក​លោក អ៊ុក ទូច ភ្នាក់ងារ​សារព័ត៌មាន​ខាងលើ បាន​រៀប​រាប់ទាំង​ក្តី​ព្រួយបារម្ភ​ ចំពោះ​សុវត្ថិភាព​អ្នកសារព័ត៌មាន​ឱ្យដឹងថា បន្ទាប់ពី​មន្ត្រីនគរបាល​ម្នាក់ ​បាន​យក​កាំភ្លើង​ទៅ​ភ្ជង់​ប៉ង​បាញ់សម្លាប់​លោក នៅ​ល្ងាច​ថ្ងៃ​ដដែល​រួចមក ខាង​លោក​បាន​ទូរស័ព្ទ​ទៅ​លោក ញ៉ឹក ថុល អធិការនគរបាល​ស្រុក​សាលា​ក្រៅ​ដែរ តែ​លោក​សុំ​សម្រួល​គ្នា ហើយ​ខាង​លោក អ៊ុក ទូច ក៏​ប្រាប់ថា ទុកឱ្យ​ច្បាប់​ជា​អ្នកដោះស្រាយ។

ចំណែក​ភ្នាក់ងារ​សារព័ត៌មាន​២នាក់​ទៀត កំពុង​រង់ចាំ​មើលថា តើ​ជនសង្ស័យ​ខាងលើ​រួចខ្លួន​ដែរ ​ឬ​យ៉ាងណា ខណៈ​មាន​កាំភ្លើង​សម្រាប់​ការពារ​ប្រជាពលរដ្ឋ បែរជា​យកទៅ​បាញ់បោះ​សេរី ចូល​ផ្ទះ​គេឯង លុះ​ពេល​សួរនាំ​បែរជា​គម្រាម​សម្លាប់​ទៅវិញ។

គួរ​រលឹក​ថា កាលពី​កន្លងទៅថ្មីនេះ​ មាន​ករណីមន្ត្រី​សមត្ថកិច្ច​ នគរបាល​ស្នងការ​ខេត្ត​ចំនួន​ពីរ​នាក់ បាន​បាញ់បោះ​សេរី​ផងដែរ នៅក្នុង​ហាង​សម្រស់​ជាយក្រុង ហើយ​ត្រូវបាន​ថ្នាក់លើ​បញ្ឈរជើង និង​ដក​ឋានន្តរស័ក្តិ​ផងដែរ ។ តែ​ពួកគេ​មិន​ដល់​ថ្នាក់​ជាប់គុក ឬ​ច្រវាក់​អ្វី​នោះឡើយ ។ ប៉ុន្តែ​ចាំមើល​មន្ត្រីនគរបាល ​ដែល​គម្រាម​ប៉ង​បាញ់សម្លាប់​ ភ្នាក់ងារ​សារព័ត៌មាន​ឆៅៗ​បែបនេះ នឹង​ក្លាយទៅជា​យ៉ាងណា​វិញ?៕