(ព្រៃវែង)៖ គ្រាដែលតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា កំពុងជួបគ្រោះហួតហែងខ្វះទឹកប្រើប្រាស់នោះ សម្តេចតេជោ ហ៊ុន សែន ប្រ មុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវជាថ្មីពីខេត្តព្រៃវែង ឲ្យអភិបាលខេត្តគ្រប់ខេត្ត រួមនិងមន្ទីរធនធានទឹកបង្កើនការយកចិត្តដាក់ដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាពលរដ្ឋរហូតដល់ពេលមានភ្លៀងធ្លាក់មកវិញ។

នៅក្នុងពិធីកាត់ឬសីមាព្រះវិហារ នៅវត្តពានរោង ក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា នៅកន្លែងខ្លះត្រពាំងបឹងបួររីងអស់ទៅហើយ កន្លែងស្តុកទឹករីងអស់ទៅហើយ ទាមទារឲ្យមានការសិក្សាដោះស្រាយនៅក្នុងរយៈពេលប៉ុន្មានខែ រហូតទៅដល់ភ្លៀងធ្លាក់គ្រប់គ្រាន់។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «កន្លែងណាមានប្រភពទឹក ហើយអាចបូបបាន យើងត្រូវប្រើម៉ាស៊ីនបូមយកបញ្ចូល។ ចឹងអភិបាលខេត្ត ត្រូវពិនិត្យបញ្ហាហ្នឹង ជាមួយមន្ទីរធនធានទឹក ហើយបើចាំបាច់ត្រូវដោះស្រាយពីក្រសួងធនធានទឹក។ មិនថាខេត្តព្រៃវែងមួយទេ គឺគ្រប់ខេត្តទាំងអស់ យ៉ាងហោចណាស់ឲ្យមានទឹកប្រើប្រាស់ កុំឲ្យប្រជាពលរដ្ឋជួបការលំបាក ព្រោះតម្រូវការរបស់យើងសម្រាប់មនុស្សផង សម្រាប់សត្វផង»។ សម្តេចតេជោ បានបន្ថែមថា នេះគឺជាការគិតគូរមួយសម្រាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ធ្លាប់បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ជនបទ ក៏ដូចជាប្រជាកសិករឲ្យធ្វើស្រែប្រាំងតែមួយដងប៉ុណ្ណោះសម្រាប់ឆ្នាំនេះ ដើម្បីសន្សំសំចៃទឹកទុកប្រើប្រាស់ ដោយសារតែកម្ពុជាជួបគ្រោះក្តៅខ្លាំងហើយអូសបន្លាយ រយៈពេលយូរ។ មកដល់បច្ចុប្បន្ននេះ នៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋបានជួបគ្រោះខ្វះទឹកប្រើប្រាស់ តែក៏ត្រូវបានអាជ្ញាធរដាក់ចេញវិធានការដឹកទឹកជូនពួកគេផងដែរ៕