(អាមេរិក)៖ កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone SE អេក្រង់ ៤អ៉ឺង និង​ចេញលក់នៅចុងខែមីនា ក្នុងតម្លៃចាប់ពី៣៩៩ដុល្លារអាមេរិក ហើយមកដល់ពេលនេះ មានទីផ្សារមួយ​ចំនួន​លក់ iPhone SE អស់ពីស្ដុកថែមទៀតផង។

តើលោកអ្នកចង់ដឹងទេថា iPhone SE មានតម្លៃដើម (ថ្លៃចំណាយលើការផលិត) ចំនួនប៉ុន្មាន? យោងតាមរបាយការណ៍វិភាគ របស់ស្ថានប័ន IHS បានឲ្យដឹងថា ក្រុមហ៊ុន Apple បានចំណាយប្រាក់ត្រឹមតែ ១៦០​ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីផលិត iPhone SE ម៉ូដែល 16GB មួយគ្រឿង ខណៈដែលដាក់លក់ នៅលើ​ទីផ្សារ​មានតម្លៃរហូតដល់ ៣៩៩ដុល្លារអាមេរិក។

ស្ថាប័ន IHS បានបញ្ជាក់យ៉ាងលម្អិតថា បន្ទះអេក្រង់របស់ iPhone SE មានដែលផ្គត់ផ្គង់ ដោយក្រុមហ៊ុន LG Display មានតម្លៃ ២០ដុល្លារអាមេរិក, បន្ទះឈីបប្រភេទ A ដែលផលិតឡើង ដោយ Apple មានតម្លៃ ២២ដុល្លារអាមេរិក, បន្ទះឈីប Baseband ដែលផលិតឡើង ដោយក្រុមហ៊ុន Qualcomm មានតម្លៃ ១៥ដុល្លារអាមេរិក, មេម៉ូរ៉ី NAND ផលិតដោយក្រុមហ៊ុន Toshiba Semiconductor មានតម្លៃ ៣,៦ដុល្លារអាមេរិក, មេម៉ូរ៉ី DRAM 2GB ផលិតដោយក្រុមហ៊ុន​ SK Hynix មានតម្លៃ ១១,៨ដុល្លារអាមេរិក, បន្ទះឈីបគ្រប់គ្រងចរន្តភ្លើង​ទាំង​អស់ មានតម្លៃប្រមាណ ៦,៥ដុល្លារអាមេរិក, អង់តែនហ្វ្រេកង់ទូរស័ព្ទ មានតម្លៃ ១៣,៧៥ដុល្លារអាមេរិក ព្រមទាំង​គ្រឿងបន្លាស់ មួយចំនួនទៀត សរុបទាំងអស់ ប្រមាណ ១៦០ដុល្លារអាមេរិក៕