(តាកែវ)៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ វត្តចំនួន០៥​ ក្នុងក្រុងដូនកែវ​ ខេត្ត​តាកែវ បានទទួលស៊ីម៉ង់ត៍ ៣០តោន និងថវិកាមួយចំនួន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ។

ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត រួមដំណើរជាមួយលោកអភិបាលក្រុងដូនកែវ បាននាំយកស៊ីម៉ង់ត៍ និងថវិកាសាងសង់ទាំងនេះ ប្រគេនដល់វត្ត ចំនួន០៥វត្ត ដោយក្នុងនោះស៊ីម៉ង់ត៍ ១០តោនក្នុងមួយវត្តប្រគេនដល់វត្តបារាយណ៍ វត្តកំពង់ស្លែង វត្តធន់មន់ និងថវិកា ៩លាន ៣៦ម៉ឺនរៀល ប្រគេនដល់វត្តត្រសក់ផ្អែម និងវត្តពោធិសួស្តី សម្រាប់បន្តការកសាងនៅក្នុងទីអារាមទាំងនេះ។

លោក មែ ស៊ីថន ជំនួយការលោក ហ៊ុន ម៉ាណែត  បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ​ ទូលប្រគេនព្រះចៅអធិការវត្តទាំងប្រាំវត្ត ព្រះសង្ឃគ្រប់ព្រះអង្ឃ លោកយាយលោកតា និងពុទ្ធបរិស័ទទាំងអស់ និងក៏បាននាំយកអំណោយអនុស្សាវរីយ៍ និងថវិកាមួយចំនួនប្រគេន និងចែកជូនលោកយាយលោកតាផងដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។  

លោកបានបន្តថា៖ ក្នុងនាមលោកជាជំនួយការម្នាក់ ក៏ដូចជាសហការី និងក្រុមជំនួយការជាច្រើន ជាពិសេសក្រុមយុវជនស្ម័គ្រចិត្ត ជាច្រើននាក់ទៀត គឺពិតជាសប្បាយរីករាយ ប្រកបដោយមោទនភាព ការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង ក្នុងឱកាសដែលោក ហ៊ុន ម៉ាណែត ទទួលបាននូវមេដាយកិត្តិយស នៃភាពជាអ្នកដឹកនាំមិនចេះនឿយហត់នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងស្នាដៃបង្រួបបង្រួម សាមគ្គីភាពនិងសុខដុម្យនីយកម្មរវាងខ្មែរនឹងខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះគឺជាវីរៈភាពដ៏គួរឲ្យគោរពនិងជាកិត្តិយសជាតិសាសន៍ យើងលើឆាកអន្តរជាតិ ប្រកបដោយមោទនភាព បំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលយើងជាពូជពង្សសាវតាខ្មែរអ្នកសាងអង្គរ ពូជពង្សខ្មែរដែលមានមូលដ្ឋាន ទស្សនៈវិទ្យាសុខដុម្យនីយកម្ម ខ្មែរដ៏រឹងមាំតាំងពីបូរាណកាល នៃសម័យនគរភ្នំ សម័យចេនឡា សម័យអង្គរ សម័យសង្គមរាស្ត្រនិយម សន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពជាតិក្រោមសុខដុម្យនីយកម្មខ្មែរ នៃសម័យសម្តេចតេជោ នាពេលបច្ចុប្បន្ន ដែលយើងស្គាល់ថាជានយោបាយឈ្នះឈ្នះ។

លោកបានបន្ថែមថា លោក ហ៊ុន ម៉ាណែត គឺពិតជាអ្នកដឹកនាំប្រកបដោយថាមពល ជាកុលបុត្រឆ្នើមរបស់ខ្មែរ បរិបូណ៌ដោយ​បញ្ញាញាណជាតិ និងគុណធម៌។  ក្រុមជំនួយការ ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្តជាច្រើនដែលបម្រើការជូនគាត់ មិនធ្លាប់បានឮការត្អូញត្អែរ ពីភាពនឿយហត់ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនឡើយ ទាំងកាតព្វកិច្ចបម្រើកងទ័ព និងកិច្ចការមនុស្សធម៌ជាច្រើននៅតាម មូលដ្ឋានស្ទើគ្រប់ទីកន្លែង។  លោកតែងតែយកចិត្តទុកដាក់ជានិច្ចប្រកបដោយ ការទទួលខុសត្រូវ និងត្រួតពិនិត្យការងារយ៉ាងហ្មត់ចត់ មិនថាយប់ថ្ងៃសូម្បីតែរំលងអធ្រាត្រឡើយ។  

លោក មូល វិចិត្រ​ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ ក្នុងនាមជំនួសមុខជូនថ្នាក់ដឹកនាំ មូលដ្ឋានក្រុងដូនកែវ និងព្រះតេជគុណចៅ អធិការវត្តទាំងប្រាំ ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទាំងអស់ សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់សម្ភារៈសំណង់ និងថវិកាកសាងថែមទៀតដល់វត្តទាំងប្រាំ សម្រាប់បន្តកសាងសមិទ្ធិផលថ្មីៗ ថែមទៀតក្នុងវិស័យព្រះពុទ្ធសាសនា៕