(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ទទួលបានការចាប់អារម្មណ៍ពីស្ថានីយទូរទស្សន៍ CNBC ដែលជាទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់អាមេរិក។ អ្នកព័ត៌មានរបស់ស្ថានីយទូរទស្សន៍មួយនេះ បានជជីកសួរជាច្រើនពាក់ព័ន្ធការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាប្រភពថវិកាសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ពីការដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EV) ដែលកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្ត EV។

រដ្ឋមន្ត្រីដែលបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិករូបនេះ ក៏បានលើកបង្ហាញពីការធ្វើការរួមគ្នារវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន លើគោលការណ៍ភាពជាដៃគូរដ្ឋនិងឯកជន(PPP) ដើម្បីធានាដល់ការដំឡើងស្ថានីយ៍សាកថ្មឱ្យបានគ្រប់គ្រាន់ និងធានាថាការបោះចោលអាគុយចាស់ត្រូវបានធ្វើឡើងត្រឹមត្រូវ។ បច្ចុប្បន្នក្រសួងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយអត្រាពន្ធសម្រាប់រថយន្តអគ្គិសនីឱ្យបាន៥០%។

ក្នុងបទសម្ភាសន៍ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តោតការពិភាក្សាជាសំខាន់លើការវិនិយោគផ្ទាល់ពីបរទេស (FDI) និងកំណើននៃការអភិវឌ្ឍរបស់កម្ពុជា ដោយគូសបញ្ជាក់ថា ជាទូទៅFDI ជាមធ្យមមានប្រហែលបីពាន់លានដុល្លារក្នុងមួយឆ្នាំនៅក្នុងគម្រោងផ្សេងៗ។

លោករដ្ឋមន្ត្រី បានគូសរំលេចដែរថា ចាប់តាំងពីកម្ពុជាទទួលបានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង ១៥,០០០គីឡូម៉ែត្រ។ សាងសង់ស្ពានចំនួន២០កន្លែងឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប បានលើកកម្ពស់ព្រលានយន្តហោះចំនួនបីតាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិចំនួនបីកន្លែងដោយឈរលើ គោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង។

លោករដ្ឋមន្ត្រី បន្ថែមថា ផ្លូវល្បឿនលឿនមួយខ្សែតម្លៃជាង ២ពាន់លានដុល្លារអាមេរិក ជិតនឹងបញ្ចប់ការភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដោយផ្អែកលើគោលការណ៍ BOT ការផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាបានមកពីដៃគូអភិវឌ្ឍន៍ជាច្រើន រួមមាន៖ ប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ថៃ វៀតណាម និងប្រភពថវិកាជាតិផងដែរ។ ដូច្នេះកម្ពុជាមិនពឹងផ្អែកលើប្រទេសចិនសម្រាប់ការផ្តល់ហិរញ្ញប្បទាន១០០%ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើយ។

លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុននានានៅសហរដ្ឋអាមេរិកពិចារណាចូលរួមក្នុងដំណើរការ ដេញថ្លៃដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ដំណើរការដេញថ្លៃគោរពតាមនីតិវិធីរបស់ធនាគារពិភពលោក និងទីភ្នាក់ងារ JICA ស្របតាមស្តង់ដាអន្តរជាតិ។ លោកទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនៅកម្ពុជា ដោយផ្អែកលើគោលការណ៍ PPP និង BOT។

ទាក់ទងនឹងគោលនយោបាយវិនិយោគ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកឡើងវិញថា កម្ពុជាជាប្រទេសតូច មានប្រព័ន្ធសេដ្ឋកិច្ចបើកចំហប្រកបដោយរបបវិនិយោគសេរីនៅតំបន់អាស៊ី។ ក្នុងនោះរាជរដ្ឋាភិបាលដើរតួនាទីជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន មិនមែនជាអ្នកគ្រប់គ្រងវិស័យឯកជននោះទេ។ ជោគជ័យរបស់វិស័យឯកជន គឺជាជោគជ័យរបស់ប្រទេស៕