(ភ្នំពេញ)៖ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ចំណូលសរុបប្រមូលដោយគយ ក្នុងត្រីមាសទីមួយ ឆ្នាំ២០១៦ សម្រេចបានជាង៤៧២លានដុល្លារ សហរដ្ឋអាមេរិក មានការកើនឡើងប្រមាណ៣០ភាគរយ ធៀបនឹងចំណូលត្រីមាសទី១ ឆ្នាំ២០១៥។

លោក គុណ ញឹមបានបន្តថា លទ្ធផលចំណូលនេះ បើប្រៀបធៀបនឹងផែនការដែលបានដាក់ចុះ ដោយរាជរដ្ឋាភិបាល គឺសម្រេចបានប្រមាណជា២៨,៧ភាគរយ នៃផែនការឆ្នាំ២០១៦។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំសរុបការងារគយ និងរដ្ឋាករប្រចាំខែមីនា និងប្រចាំត្រីមាសទី១ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំនោះ លោក គុណញឹម ក៏បានបង្ហាញពីទិសដៅអនុវត្តបន្ត សម្រាប់ពេលខាងមុខនៅក្នុងឆ្នាំ២០១៦ ដោយសង្កត់ធ្ងន់លើការងារមួយចំនួនមានដូចជា៖

១.ការអនុវត្តឲ្យបានខ្ចាប់ខ្ចួនតាមការណែនាំនានា របស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុនាពេលកន្លងមក

២.ពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធអាករឲ្យបានត្រឹមត្រូវលើមុខទំនិញចម្រុះ ជាពិសេស គឺគ្រឿងសំណង់គ្រឿងអេឡិច ត្រូនិច ទូរស័ព្ទ ភេសជ្ជៈ និងផលិតផលតេលសិលា

៣.ពង្រឹងការប្រមូលចំណូលលើការនាំចូល និងការកែសម្រូលតម្លៃគិតពន្ធគយលើមុខទំនិញអង្គរ

៤.ការពង្រឹងបន្ថែមទៀតនូវការគ្រប់គ្រងការនាំចូលទំនិញតាមរូបភាពសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងទំនិញពិពណ៌ពាណិជ្ជកម្ម

៥.ត្រូវត្រៀមជាមុនឲ្យបានល្អនូវការរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ព្រមទាំងការប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃទិវាបង្កើត អង្គភាពគយ និងរដ្ឋាករកម្ពុជា ដែលប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះ៕