(តាកែវ)៖ បើទោះបីជាសេវាព្យាបាលជម្ងឺទឹកនោមផ្អែម មិនទាន់បានដំណើរការនៅគ្រប់មន្ទីរពេទ្យបង្អែក ទូទាំងខេត្តតាកែវ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែមានអ្នកជម្ងឺទឹកនោមផ្អែមជាង ១ពាន់នាក់ បានមកពិគ្រោះ និងធ្វើការសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យបង្អែកមួយចំនួន នៅក្នុងខេត្តតាកែវ។

នេះបើយោងតាមរបាយការណ៍ សង្ខេបស្ដីវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០១៥ របស់មន្ទីរសុខាភិបាលខេត្តតាកែវ។ បើយោងតាមរបាយការណ៍ខាងលើ ក្រៅពីបានពិនិត្យពិគ្រោះយោបល់ និងដាក់ឲ្យសម្រាកព្យាបាលចំពោះអ្នកជំងឺទឹកនោមផ្អែមចំនួន១,១៥៨នាក់ មន្ទីរសុខាភិបាលខេត្តតាកែវ ក៏សម្រេចបាននូវអាត្រានៃស្រ្តីមានគភ៌ចូលមកពិនិត្យផ្ទៃពោះ មានការកើនឡើង អត្រានៃការផ្ដល់វ៉ាក់សាំងលើកុមារក្រោមអាយុ១ឆ្នាំ កើនឡើងពី៩៧ភាគរយនៅឆ្នាំ២០១៤ មក១០០ភាគរយ នៅឆ្នាំ២០១៥។

ដោយឡែក អត្រានៃការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បានកើនឡើងលើសបី៩០ភាគរយ ហើយអត្រារស់រានមានជីវិត ក្រោយការព្យាបាល១២ខែ ក៏កើនឡើងលើសពី ៩០ភាគរយផងដែរ៕