(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំមន្រ្តីរបស់ខ្លួន ប្រារព្ធពិធីសូត្រមន្តបង្សុកូល និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ដើម្បីសុំសុខសួស្តី និងអបអរសាទរទទួលទេវតាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នៅទីស្តីការក្រសួង។

បន្ទាប់ពីធ្វើកិច្ចមមសិកាព្រះរតនត្រ័យ លោកទេសរដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំក្រសួង វេរប្រគេនទេយ្យវត្ថុ និង បច្ច័យប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានធ្វើមរណកាល ព្រមទាំងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មីនិងវត្ថុសក្តិសិទ្ធិ ប្រទានពរជ័យ សិរីសួស្តីបវរមហាប្រសើរ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទាំងអស់ទទួលបាននូវសុភមង្គល សុខភាពល្អ កម្លាំងកាយមាំមួន ដើម្បីបន្តបំពេញការងារលើវិស័យការងារទូត ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

លោក ប្រាក់ សុខុន ក៏បានរៀបចំពិធីជប់លៀង ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ បុគ្គលិក បុគ្គលិកអណ្តែត បុគ្គលិកជាប់កិច្ចសន្យាទាំងអស់ និងបណ្តាអង្គទូតនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសរុបជិត ៥០០នាក់៕