(ភ្នំពេញ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ បាន ដឹកនាំមន្រ្តីរាជការ ក្រោមឱវាទរបស់ខ្លួនទាំងអស់ ប្រារព្ធពិធីសូត្រមន្តសុំសុខសួស្តីជ័យមង្គល ពីទេវតាឆ្នាំថ្មីព្រះនាងមណ្ឌាទេវី ព្រមទាំងបានរាប់បាត្រប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យដល់បុព្វការីជន ដែលបានទទួល មរណកាល។

បន្ទាប់ពីពិធីសូត្រមន្តបង្សុកូល រាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃហើយនោះ ក៏មានការសម្តែងរបាំជូនពរ និងរបាំត្រុតសម្តែងដោយក្រុម កុមារកំព្រា ដើម្បីបណ្តេញឧបទ្រពចង្រៃ នាំមកនូវសិរីសួស្តី និងជោគជ័យថ្មីៗទៀត នៅក្នុងឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ក្នុងពេល ខាងមុខដ៏ខ្លីនេះ។

បន្ទាប់ពីការប្រារព្ធតាមបែបសាសនា និងប្រពៃណីខ្មែរហើយនោះ លោក គុណ ញឹម ក៏បានចូលរួមសំណេះសំណាលជាមួយនិវត្តជន អតីតមន្រ្តីរាជការគយ និងរដ្ឋាករ ៣៤៩នាក់ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិម្នាក់ៗ ៧០ ដុល្លារអាមេរិក។

លោក គុណ ញឹម បានផ្តាំផ្ញើដល់និវត្តជន ជាអតីតមន្រ្តីរាជការគយទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ដើម្បីបន្តចូលរួមចំ ណែកក្នុងសង្គមឲ្យបានយូរអង្វែងតទៅទៀត៕