(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ជាទូទៅដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានភាពរលូនល្អ។

ការប្រឡងឌីប្លូម ឆ្នាំ២០២១នេះ មានបេក្ខជនសរុប ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១នាក់), មណ្ឌលប្រឡងចំនួន ១៧២២ ត្រូវនឹងចំនួនបន្ទប់ប្រឡង ៧៣២៧។

លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅ ដំណើការប្រឡងឌីប្លូម មានរយៈពេលសរុបចំនួន២ថ្ងៃ គឺថ្ងៃ១៥-១៦ វិច្ឆិកា ២០២១ បានបញ្ចប់ដោយមានលទ្ធផល អាចទទួលយកបានតាមការគ្រោងទុក។ ដូចឆ្នាំកន្លងមកដែរ បេក្ខជនប្រឡងឌីប្លូមមួយចំនួនតូច អវត្តមានក្នុងអំឡុងពេលប្រឡងនេះ ដោយសារមូលហេតុបុគ្គល។ ការប្រឡងឌីប្លូមបានបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។ កាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងឌីប្លូម គឺ ២២ វិច្ឆិកា ២០២១»

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បេក្ខជនប្រឡងឌីប្លូម មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមរៀបចំ និងគាំទ្រដំណើរការប្រឡងឌីប្លូម ដោយបានអនុវត្តខ្ជាប់ខ្ជួននូវនីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាព៕