(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា គិតត្រឹមរយៈពេល១៥ថ្ងៃ តាំងពីថ្ងៃបើកយុទ្ធនាការដំបូងនៃខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានខិតខំដោះស្រាយបណ្ដឹង និងសំណូមពរជូនប្រជាពលរដ្ឋបានចំនួន៧១៦រឿង ហើយលោកបានជំរុញដល់រដ្ឋបាលស្រុកទាំងអស់ក្នុងខេត្ត ត្រូវប្រឹងប្រែងខិតខំជួយដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់ពេលវេលា ដោយឈរលើមូលដ្ឋានច្បាប់។

ការជំរុញបែបនេះធ្វើឡើងក្នុងឱកាសលោក ស៊ុន សុវណ្ណារិទ្ធិ នាំយកអង្ករចំនួន២០តោន ដែលជាអំណោយរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះក្នុងឃុំចំនួន១០ នៅស្រុកកំពង់ត្រឡាច នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានថ្លែងយ៉ាងដូច្នេះថា «អាជ្ញាធរគ្រប់ស្រុក ឃុំ ត្រូវយកចិត្តទុកដាក់ដោះស្រាយបណ្ដឹង និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សឈរលើមូលដ្ឋានច្បាប់ ទើបប្រជាពលរដ្ឋមានទំនុកចិត្ត គាត់នឹងបោះឆ្នោតឱ្យយើងធ្វើការងារជូនគាត់ជាបន្តទៀត»

លោកអភិបាលខេត្តបានណែនាំដល់លោកមេឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា និងត្រូវប្រុងវប្រយ័ត្នកុំឲ្យលោកស្មៀនឃុំធំជាងលោកមេឃុំ ដូចជាមេឃុំបានចុះហត្ថលេខាហើយ តែលោកស្មៀនឃុំមិនព្រមបោះត្រាជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្ត។

ចំពោះការដោះស្រាយបណ្ដឹង និងសំណូមពរជូនប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង គិតត្រឹមរយៈពេល១៥ថ្ងៃ តាំងពីថ្ងៃបើកយុទ្ធនាការដំបូងនៃខែវិច្ឆិកានេះ គឺដោះស្រាយបាន៧១៦រឿង។ នៅថ្ងៃទី៣០ ចុងខែវិច្ឆិកានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងនឹងបូកសរុបលទ្ធផលនៃការដោះស្រាយបណ្ដឹង និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ដោយមានការចូលរួមពីលោក អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំងផងដែរ៕