(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាបានបន្តបញ្ជូនកងអនុសេនាធំសរាជអាវុធហត្ថលេខ៧៣៩ ជាកងទី១០ ដែលមានកម្លាំងសរុប ៧៣នាក់ (នារី៣៤នាក់) ទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលជាកងប្តូរវេនជំនួសកងអនុសេនាធំរាជអាវុធហត្ថលេខ១៨៦ មានកម្លាំងសរុបចំនួន ៧៣នាក់ ដែលបានធ្វើមាតុភូមិមកដល់កម្ពុជាវិញ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។

ពិធីជូនដំណើរកងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩នេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

សម្រាប់ឆ្នាំ២០២១ គឺជាឆ្នាំទី១០ នៃការចូលរួមបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) ដែលមានចំនួនសរុប ៧៣០នាក់ (នារី១២៤នាក់)។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើជូនពរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ចំពោះការវិលត្រលប់ប្រកបដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច។

គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួន ៧,៨៩៩នាក់ ក្នុងនោះមាននារី ៥២៨នាក់។ បច្ចុប្បន្ន កងកម្លាំងមួកខៀវកំពុងបំពេញបេសកកម្មក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ មានចំនួន ៧៨៧នាក់ ក្នុងនោះនារី ១១១នាក់។

ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត៕