(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានលើកឡើងថា ពន្ធនាគារជាកន្លែងឃុំឃាំងមនុស្សដើម្បីអនុវត្តទោស និងអប់រំកែប្រែអ្នកទោសទៅជាពលរដ្ឋល្អ មិនមែនជាទីកន្លែងសុខស្រួល មានអាហារឆ្ងាញ់ៗ ដូចនៅក្រៅទេ។

ការលើកឡើងរបសអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការបំភ្លៃការពិតរបស់អតីតជនជាប់ឃុំ ជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្សសង្គម និងបរិស្ថាន ដែលតុលាការទើបបានដោះលែងពីពន្ធនាគារ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា៖ «សិទ្ធិជាមូលដ្ឋានអប្បបរមារបស់ជនជាប់ឃុំគ្រប់រូបត្រូវបានគោរព និងធានាការពារ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរពន្ធនាគារក៏ទទួលស្គាល់ផងដែរថា ពន្ធនាគារគឺជាទីកន្លែងឃុំឃាំងមនុស្សដើម្បីអនុវត្តទោសព្រហ្មទណ្ឌ និងជាទីកន្លែងអប់រំកែប្រែអ្នកទោស ដើម្បីកែប្រែខ្លួនជាពលរដ្ឋល្អ មិនមែនជាទីកន្លែងរស់នៅសុខស្រួល មានអាហារឆ្ងាញ់ៗ និងមានការផ្ដល់សេវាសុខាភិបាលបានប្រសើរដូចនៅក្នុងសហគមន៍នោះទេ»

ទោះជាយ៉ាងនេះក្តី លោកថា អាជ្ញាធរពន្ធនាគារសូមលើកទឹកចិត្តឱ្យអតីតជនជាប់ឃុំ មេត្តាកែប្រែខ្លួនជាពលរដ្ឋល្អ គោរពច្បាប់ឱ្យបានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌទាំងឡាយដូចមានចែងក្នុងសាលក្រមរបស់តុលាការ ចៀសវាងការប្រឈមនឹងវិធានការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ដែលអាចឈានដល់ការនាំខ្លួនត្រលប់មកឃុំនៅពន្ធនាគារវិញជាយថាហេតុ៕