(កណ្ដាល)៖ បន្ទាប់ពីប្រជាពលរដ្ឋលើកសំណើ ទៅកាន់រដ្ឋបាលខេត្តកណ្ដាល រឿងឡានដឹកខ្សាច់បើកបរធ្វើឱ្យខូចផ្លូវ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅនោះរួចមក អាជ្ញាធរខេត្តក៏បានយកយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន មកអនុវត្ត ដោយតម្រូវឱ្យម្ចាស់អាជីវកម្មខ្សាច់ធ្វើផ្លូវ និងកាយប្រឡាយរំដោះទឹកលិចចេញ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ ហើយភាគីទាំងសងខាងក៏យល់ព្រមតាមដោយសន្តិវិធី។

ការសម្រេចនូវការដោះស្រាយ ជូនពលរដ្ឋខាងលើនេះ ធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺភ្លាមៗបន្ទាប់ពីប្រជាពលរដ្ឋនៅមូលដ្ឋានភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ លើកឡើងអំពីបញ្ហាក្រុមហ៊ុនរថយន្តដឹកខ្សាច់ HSK ប្រើប្រាស់រថយន្តដឹកខ្សាច់លើសទម្ងន់ធ្វើឱ្យផ្លូវប្រវែង១ពាន់ម៉ែត្រខូចខាតស្ទើរទាំងស្រុង ដែលជាហេតុបង្កឱ្យពួកគាត់ពិបាកធ្វើដំណើរទៅមក និងលុបស្រះទឹកដោយគ្មានប្រព័ន្ធបង្ហូរទឹកបង្ករឲ្យជន់លិចផ្លូវក្នុងភូមិចំនួន៤ ។

ក្រោមការចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោក ណុប ដារ៉ា អភិបាលរងខេត្ត បានយកយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្ដេចតេជោមកអនុវត្តលើការដោះស្រាយបញ្ហានេះ។ ជាលទ្ធផល អាជ្ញាធរបានបង្គាប់ឲ្យម្ចាស់ក្រុមហ៊ុន HSK របស់លោក ហ៊ែល សុខា ត្រូវស្ថាបនាផ្លូវដែលរងការខូចខាតប្រវែងជាង១ពាន់ម៉ែត្រឲ្យបានល្អរឹងមាំ និងស្ដារព្រែក-ប្រឡាយស្វាយរលំ ប្រវែង២ពាន់ម៉ែត្រ ទទឹង១០ម៉ែត្រ ជម្រៅ៤ម៉ែត្រ ព្រមទាំងដាក់លូភ្លោះទទឹង១.៥ម៉ែត្រ ប្រវែង១០ម៉ែត្រ និងធ្វើមុខឈ្នាងសងខាងលូផងដែរ។

ក្នុងដំណើរពិនិត្យមើលដោយថ្មើរជើងដ៏លំបាកលំបិននេះ លោកអភិបាលរងខេត្តបានធ្វើកិច្ចសន្យាច្បាស់លាស់ស្របតាមច្បាប់នៅតាមដងផ្លូវជាមួយលោក ហ៊ែល សុខា ម្ចាស់ក្រុមហ៊ុន HSK ដោយកំណត់គ្នាច្បាស់លាស់លើកិច្ចសន្យាក្នុងគោលជំហរគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ដែលជាលទ្ធផលទទួលបានការឯកភាពគ្នាជាមួយស្នាមញញឹមទាំងភាគីពលរដ្ឋ និងភាគីក្រុមហ៊ុន។

ទោះយ៉ាងណា លោកអភិបាលរងខេត្តក៏បានដាស់តឿនខាងក្រុមហ៊ុនត្រូវស្ថាបនាផ្លូវឲ្យបានរឹងមាំស្របតាមស្តង់ដា រីឯការស្ដារប្រឡាយ និងព្រែកស្វាយរលំ ព្រមទាំងការដាក់លូឲ្យមានបច្ចេកទេសត្រឹមត្រូវ ធ្វើយ៉ាងណាត្រូវធ្វើឲ្យបានល្អស្អាត និងប្រកបដោយគុណភាពខ្ពស់។ ប្រឡាយ និងព្រែកស្វាយរលំនេះ ត្រូវបានគេសិក្សាឃើញថាមានលទ្ធភាពរំដោះទឹកបានចំនួន៤ភូមិ រួមមាន ភូមិលេខ១ ភូមិលេខ១ក ភូមិលេខ២ និងភូមិលេខ៣។

ទន្ទឹមនឹងដំណោះស្រាយដ៏ល្អនេះ ប្រជាពលរដ្ឋបានលើកម្រាមដៃ១០ គោរពអរគុណដល់លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត ដែលមានលោក ណុប ដារ៉ា អភិបាលរងខេត្ត ដែលបានខិតខំដោះស្រាយជូនពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាពភ្លាមៗក្រោយពលរដ្ឋស្នើរសុំអន្តរាគមន៍ ដែលនេះសបញ្ជាក់ឲ្យឃើញពីបេះដូងដ៏ល្អរបស់លោកអភិបាលខេត្ត និងអភិបាលរងខេត្ត ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល។

ឆ្លើយមកកាន់ភ្នាក់ងារព័ត៍មាន Fresh News ប្រចាំខេត្ត ,លោកហ៊ែល សុខា ម្ចាស់ក្រុមហ៊ុន HSK បាននិយាយថា លោកពិតជាកោតសរសើរដំណោះស្រាយដ៍ពិសេស ទន់ភ្លន់ និងម៉ឺងម៉ាត់របស់លោកណុប ដារ៉ា និងបានសន្យាថានឹងសុំច្បាប់ដែលខ្លួនគ្មានទៅអាជ្ញាធរឲ្យបានគ្រប់ចំនួន និងសន្យាគោរពតាមច្បាប់ប្រកបអាជីវកម្មនានាដោយមិនបង្ករផលប៉ះពាល់ដល់ពលរដ្ឋទៀតឡើយ ៕