(កណ្តាល)៖ មណ្ឌលយុវនីតិសម្បទា ដែលសាងសង់ឡើង ដើម្បីផ្ទេរអ្នកល្មើសច្បាប់ ដែលមានអាយុក្រោម១៨ឆ្នាំ ចេញពីពន្ធនាគារមកស្នាក់ ទទួលការអប់រំ បណ្ដុះបណ្ដាលនៅទីតាំងមណ្ឌលនេះជំនួសវិញ បានសាងសង់រួចរាល់ជាស្ថាពរហើយ។

អនីតិជនល្មើសច្បាប់ នឹងផ្ទេរពីពន្ធនាគារមក មណ្ឌលយុវនីតិសម្បទា នៅដើមខែធ្នូ ខាងមុខនេះ។

នេះជាការលើកឡើងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា នៅក្នុងឱកាសលោក, អភិបាលខេត្ត កណ្ដាល, និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត អញ្ជើញចុះត្រួតពិនិត្យ មណ្ឌលយុវនីតិសម្បទា ដើម្បីត្រៀមរៀបចំពិធីសម្ពោធនៅចុងឆ្នាំ២០២១។ មណ្ឌលយុវនីតិសម្បទា មានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោក ភា វណ្ណៈ ជាប្រធានមណ្ឌលយុវនីតិសម្បទាបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងជាការសាកល្បង គឺនឹងផ្ទេរអ្នកល្មើសច្បាប់អាយុក្រោម១៨ឆ្នាំប្រមាណ៥០នាក់ ពីពន្ធនាគារខេត្តកណ្ដាល មកទីតាំងនេះ។

លោកបន្តថា សម្រាប់មណ្ឌលទាំងមូល អាចមានលទ្ធភាពផ្ទុករហូតដល់ជាង ១០០០នាក់ ដោយមណ្ឌលនឹងចាប់ផ្ដើមទទួលយកអ្នកល្មើសច្បាប់អាយុចាប់ពី ១៤ ដល់ក្រោម ១៨ឆ្នាំ ពន្ធនាគារផ្សេងៗបន្ថែមទៀត ក្នុងដំណាក់កាលបន្ទាប់។

ប្រធានមណ្ឌលរូបនេះបានបន្ថែមថា ការផ្ទេរមកស្នាក់នៅមណ្ឌលនេះ គឺនឹងមានការអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈមួយចំនួន សម្រាប់ពួកគាត់ អាចមានចំណេះជំនាញ ប្រកបរបរជីវិតត្រឹមត្រូវក្រោយបញ្ចប់ការទទួលទោសទ័ណ្ឌ។

ចំពោះការស្នាក់នៅទីតាំងមណ្ឌលយុវនីតិសម្បទានេះ គឺមានរយៈពេលកំណត់ច្បាស់លាស់ ដោយកំណត់ឱ្យអានីតិជនល្មើសច្បាប់ ស្នាក់នៅត្រឹម ២៤ឆ្នាំប៉ុណ្ណោះ។ ករណីដែលបុគ្គលនោះមានអាយុលើសពី ២៤ឆ្នាំ ហើយត្រូវបន្តទោសទ័ណ្ឌគឺនឹងមានការបញ្ជូនបុគ្គលនោះទៅពន្ធនាគារវិញ៕