(បាត់ដំបង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងនាំអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋចំនួន ៦៤២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតមកពីចំនួន ៧៣ភូមិ នៃឃុំចំនួន ១៣ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា, លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសមាជិក សមាជិកាគណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

សម្រាប់ប្រជាពលរដ្ឋទាំង៦៤២គ្រួសារនេះ គឺនៅស្រុកគាស់ក្រឡ មានចំនួន៣១២គ្រួសារ មកពីភូមិចំនួន២០ លើឃុំចំនួន៥ និងស្រុមោងឬស្សី ចំនួន ៣៣០គ្រួសារ ក្នុងភូមិចំនួន៧៣ភូមិ លើកឃុំចំនួន៨ នៃខេត្តបាត់ដំបង។

លោកស្រី ហួន ចន្ទបូរ៉ា និងលោក សុខ លូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ដោយក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ។

លោកស្រី ហួន ចន្ទ័បូរ៉ា បានពាំនាំនូវសារអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់បងប្អូនទាំងអស់៖

ទី១៖ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ ។

ទី២៖ នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តបង្កបង្កើតផលដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ទី៣៖ សូមរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្របតាមពាក្យស្លោក «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» ដោយអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» និង២ចូលរួម ប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ច និងរស់នៅតាមបែបគន្លងថ្មី។

បន្ថែមពីនេះលោកស្រីបានគូសបញ្ជាក់ថា៖ «យើងទាំងអស់គ្នាអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនដែលបំភ្លេចយើងទេ ឱ្យតែយើងភ្លេចខ្លួន ឬធ្វេសប្រហែសតែបន្តិច យើងអាចបាត់បងជីវិតដោយសារវាបាន ព្រោះវាជាសត្រូវគ្មានរូបរាង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមអនុវត្តនូវវិធានការរបស់រាជដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ឱ្យបានត្រឹមត្រូវលាងដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតយ៉ាងតិច ១.៥ម៉ែត្រ»

សម្រាប់គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៉ីវ ៦ដប និងបណ្ណប្រកាសអំពីជំងឺកូវីដ១៩ ចំនួន ១សន្លឹក។

សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយជាស្បៀង ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២,៧៨៦គ្រួសារ (ក្នុងនោះខេត្តរតនគិរី ១,៣៦៧គ្រួសារ, ខេត្តកំពង់ធំ ចំនួន ៧៧៧គ្រួសារ និងខេត្តបាត់ដំបង ចំនួន៦៤២គ្រួសារ)។