(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក គឹម រស្មី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គលេខាធិការរង ក្រសួងការពារជាតិ ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានចាត់ទុកការងារបណ្តុះបណ្តាល ធនធានមនុស្សក្នុងជួរកងទ័ព ជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍន៍នាយទាហានបន្តវេន។

ការថ្លែងបែបនេះ របស់ឧត្តមសេនីយ៍ឯក គឹម រស្មី បានធ្វើឡើងក្នុងកាសលោកបានអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាការងាររដ្ឋបាល វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី១ ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក គឹម រស្មី បានបន្ថែមថា ការបណ្តុះបណ្តាលសិក្ខាកាមជាយោធិន គឺជាកត្តាគន្លឹះសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កលក្ខណៈ ឱ្យប្រជាជនរស់នៅ ដោយសុខសាន្ត សុវត្ថិភាព ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគតរយៈពេលវែង។

ឧត្តមសេនីយ៍ឯក គឹម រស្មី បានសម្តែងនូវការគាំទ្រ និងការលើកទឹកចិត្តដល់នាយទាហាន សាស្ត្រាចារ្យ យោធាចារ្យ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ចំណុះឱ្យអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដោយបណ្តុះបណ្តាល បំពាក់បំប៉ន សមត្ថភាព ជាពិសេសជំនាញរដ្ឋបាល និងឋានលេខា តាមបណ្តាឆ្នាំនីមួយៗ ដើម្បីឆ្លើយតបទៅនឹងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាកកាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាលើវិស័យការពារជាតិ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ក្នុងនាមកងយោធពលមខេរភូមិន្ទ ត្រូវតែចូលរួមគ្រប់សកម្មភាពក្នុងការការពារសុខសន្តិភាព សន្តិភាព សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារមនុស្សធម៌ កិច្ចការសង្គមធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំបន្ថែមដល់កងទ័ពទាំងអស់ ត្រូវលើកកម្ពស់គោរព និងអនុវត្តតាមរដ្ឋ ធម្មនុញ្ញ ច្បាប់របស់រដ្ឋ និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ពិសេសអនុវត្តឱ្យមានប្រសិទ្ធភាពនូវអភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់» បាវចនា២ របស់សម្តេចតេ ហ៊ុន សែន គឺកែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអនុសាសន៍សំខាន់ៗ របស់សម្តេចតេជោ ដែលបានថ្លែងក្នុងវេទិកានានាកន្លងមក៕