(ភ្នំពេញ)៖ អ្នកទោស២នាក់ចុងក្រោយ ក្នុងចំណោម៧នាក់ ដែលបានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន បានហើយនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះបើតាម លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

អ្នកទោស២នាក់ចុងក្រោយនេះមានឈ្មោះ សៀន ខន និង ឡាវ៉ាន់ កាវង់ផេង។ ពួកគេជាជនជាតិឡាវ ដែលត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។ ការចាប់ខ្លួនអ្នកទោស២នាក់នេះ បានធ្វើឡើងនៅភូមិកោះហិប ឃុំអូរស្វាយ ស្រុកបបុររីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បន្ទាប់ពីស្រាវជ្រាវអស់រយៈពេលជាង១សប្តាហ៍។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ មានអ្នកទោសគ្រឿងញៀន៧នាក់ បានទម្លុះជញ្ជាំងរត់គេចខ្លួនចេញពីពន្ធនាគារខេត្តស្ទឹងត្រែង។ បន្ទាប់ពីមានករណីនេះ សមត្ថកិច្ចបានដេញតាម និងស្រាវជ្រាវចាប់បានចំនួន៥នាក់ ជាបន្តបន្ទាប់។ ជនជាប់ឃុំដែលសមត្ថកិច្ចចាប់បានមកវិញនោះគឺមានជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស៣០ឆ្នាំ ។
២៖ ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស២០ឆ្នាំ ។
៣៖ ឈ្មោះ គិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើស ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស ០៤ឆ្នាំ ។៤.ឈ្មោះ ចាក លី ប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ក៏វិតទោស អស់មួយជីវិត ។
៥៖ ឈ្មោះ មាន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការ ប្រើទារុណកម្ម និងមានកំរឹតទោស២៧ឆ្នាំ ។

តាមរយៈសារមួយ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏បបានចាត់ចែងធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឱ្យជនជាប់ឃុំរត់រួចពីពន្ធនាគារផងដែរ៕