(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានសាខាក.ប.ប. ទាំង ២៥ រាជធានី-ខេត្ត ។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ ស្តីពីការប្រកួតប្រជែងនេះ នឹងត្រូវធ្វើឡើង បន្តបន្ទាប់ចំនួន ៨វគ្គ ដោយនឹងត្រូវបណ្តុះបណ្តាល ជូនមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ ទទួលបានមូលដ្ឋាន នៃការអនុវត្តច្បាប់ប្រកប ដោយប្រសិទ្ធភាពខ្ពស់ នាពេលខាងមុខ ដើម្បីលើកទឹកចិត្ត ឱ្យមានទំនាក់ទំនងធុរកិច្ច ដោយស្មើភាពនិងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានការបង្កើត ធុរកិច្ចថ្មីៗ និងជួយអ្នកប្រើប្រាស់ ឱ្យទទួលបានទំនិញ និងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន ។

គួររំលឹកផងដែរថា ច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានព្រះមហាក្សត្រឡាយ ព្រះហត្ថលេខាប្រកាស ឱ្យប្រើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ហើយវគ្គបណ្តុះបណ្តាលនេះ នឹងដើរតួជាវេទិការមួយ ដើម្បីឱ្យមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានចំណេះដឹងកាន់ តែស៊ីជម្រៅអំពីច្បាប់ថ្មីនេះ ដែលនាពេលខាងមុខនេះមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងក្លាយជាមន្ត្រីស៊ើបអង្កេត និងការទទួលបាននីតិសម្បទាជា នគរបាលយុត្តិធម៌ ក្រោមច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង ក្នុងការអនុវត្តច្បាប់ចំពោះបុគ្គលធ្វើសកម្មភាពធុរកិច្ច និងធ្វើសកម្មភាពគាំទ្រ ដល់ធុរកិច្ចពាក់ព័ន្ធនឹងការរារាំង រិតត្បិតឬបង្ខូច ដល់ការប្រកួតប្រជែង គួរឱ្យកត់សម្គាល់ក្នុងទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា ទោះបីសកម្មភាពនោះមានប្រភព នៅក្នុងឬក្រៅប្រទេសក៏ដោយ ៕