(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រើ និងអនុវត្តនីតិវិធីក្តៅ ដោយចាត់តាំងឱ្យលោក សេង សេរីបុត្រ អភិបាលរងខេត្តកំពត ដឹកនាំបញ្ជាផ្ទាល់កងកម្លាំង ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ចុះរុះរើរបង ដែលធ្វើបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូលផ្ទះ ចេញចូលដី និងរុះរើទីតាំងផ្ទះមួយកន្លែង ដែលសាងសង់រំលោភលើផ្លូវសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនរបស់លោក គឹម សុភ័ណ្ឌ ហៅ (តូច គឹមអាង) ស្ថិតក្នុងភូមិកំពង់គ្រែង និងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងប្រតិបត្តិការចុះអនុវត្តនីតិវិធីរដ្ឋបាលខាងលើ លោក សេង សេរីបុត្រ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «ដោយអនុវត្តតាមបទបញ្ជា របស់លោកអភិបាលខេត្តកំពត ម៉ៅ ធនិន និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ឱ្យរូបលោកដឹកនាំកងកម្លាំង មន្ត្រីនៃស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះអនុវត្តដែលកន្លងមកមានការពាក់ព័ន្ធធ្វើរបងបិទផ្លូវរបស់ប្រជាពលរដ្ឋចេញចូលផ្ទះ និងសាងសង់លំនៅដ្ឋានធ្វើជាកម្មសិទ្ធិរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ហើយមានការប្ដឹងផ្ដល់ជាច្រើនលើករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ តាំងពីអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ខេត្ត ដោយសារកន្លងមកនេះប្រជាពលរដ្ឋ នៅតំបន់នេះ បានរងគ្រោះដោយសារការបិទផ្លូវ ក៏ដូចជាបិទរបងមិនឱ្យប្រជាពលរដ្ឋចេញចូលនៅក្នុងតំបន់នេះ»

បើតាមលោកអភិបាលរងខេត្តបានបន្តថា រដ្ឋបាលខេត្តក៏បានជូនដំណឹងចំពោះលោក គឹម សុភ័ណ្ឌ ហៅ (តូច គឹមអាង) នេះ ៣ដងកន្លងមកហើយ ដោយលើកទី១ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០, លើកទី២ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែលោក គឹម សុភ័ណ្ឌ មិនបានអនុវត្តនោះទេ នូវអ្វីដែលរដ្ឋបាលខេត្តបានជូនដំណឹង ក្នុងសម័យលោក ជាវ តាយ ជាអភិបាលខេត្ត។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពត មកអនុវត្តថ្ងៃនេះ មានចំនួន ២ទីតាំងគឺទីតាំងទី១៖ រុះរើរបងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូល ទៅផ្ទះរបស់ពួកគេ និងទី២៖ រុះរើរបងនិងផ្ទះសាងសង់រំលោភលើផ្លូវសាធារណៈរបស់រដ្ឋ ហើយការអនុវត្តនៅពេលនេះ គ្រាន់តែដករបង និងធ្វើការរុះរើផ្ទះ ដែលសាងសង់លុបលើផ្លូវសាធារណៈ របស់រដ្ឋតែប៉ុណ្ណោះ។

ក្រោយពីបានអនុវត្តនីតិវិធីរបស់រដ្ឋបាលខេត្តកំពតរួចមក ប្រជាពលរដ្ឋដែលរស់នៅ ក្នុងទីតាំងតំបន់នោះ មានការត្រេកអរសប្បាយរីករាយ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ហើយក៏មានការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្តកំពត ម៉ៅ ធនិន ដែលទើបកាន់តំណែងជាអភិបាលខេត្តកំពតថ្មី តែងបានគិតគូរ រកដំណោះស្រាយ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះជាក់ស្ដែងដូចជានៅថ្ងៃនេះជាដើម។

គួររំលឹកថា ពាក់ព័ន្ធការរំលោភ របស់លោក គឹម សុភ័ណ្ឌ ហៅ (តូច សំអាង) ខាងលើ គឺរដ្ឋបាលខេត្តកំពត ក៏បានធ្វើការសម្របសម្រួល និងជូនដំណឹងដល់លោក គឹម សុភ័ណ្ឌ ៣លើក ដូចខាងលើរួចមកហើយ ដែលកន្លងមកលោក គឹម សុភ័ណ្ឌ បានធ្វើសកម្មភាពចាក់ដី ដើម្បីអភិវឌ្ឍន៍ដីឡូតិ៍លក់របស់ខ្លួន ដោយបានចាក់លុបប្រឡាយភ្លឺភ្លោះ ដើម្បីធ្វើផ្លូវចូលដីឡូតិ៍, ចាក់ដីធ្វើភូមិសង់លំនៅដ្ឋានអស់មួយចំនួន, ចាក់លុបប្រឡាយអស់មួយចំហៀង និងបោះបង្គោលរបងបិទផ្លូវចេញចូលផ្ទះដីរបស់ប្រជាពលរដ្ឋ។

ដីផ្លូវប្រឡាយទាំងនេះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយកន្លងមកប្រជាពលរដ្ឋនៅតំបន់នេះប្រើប្រាស់ក្នុងការធ្វើដំណើរចេញចូលផ្ទះ និងឆ្លងកាត់ទៅប្រកបរបរកសិកម្មរបស់ពួកគាត់។ ក្រោយមកបន្ទាប់ពីលោក គឹម សុភ័ណ្ឌ បានធ្វើការចាក់ដីអភិវឌ្ឍន៍ដីឡូតិ៍លក់ គឺលោកបានចាក់ដីលុបប្រឡាយភ្លឺភ្លោះធ្វើជាផ្លូវចូលក្នុងដីពុះឡូតិ៍របស់លោកដោយមិនមានច្បាប់ និងបានលុបប្រឡាយមួយចំហៀងទៀត ធ្វើជាកម្មសិទ្ធិដីឡូតិ៍ ហើយមកដល់បច្ចុប្បន្ននេះ លោកបានបោះបង្គោលបេតុងបិទផ្លូវចេញចូលផ្ទះ ចេញចូលដី និងព័ទ្ធរបងកាន់កាប់ដីសង់ផ្ទះធ្វើជាកម្មសិទ្ធិរបស់ខ្លួន ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះ មិនអាចចេញចូលបាន។

ឃើញបទល្មើសនិងការរំលោភបំពានយ៉ាងដូច្នេះ រដ្ឋបាលខេត្តកំពត ក៏បានតម្រូវឱ្យលោក គឹម សោភ័ណ្ឌ ហៅ (តូច គឹមអាង) ត្រូវអនុវត្តរួមមាន៖
ទី១៖ ត្រូវដកបង្គោលរបងទាំងអស់ ដែលបានបោះបិទផ្លូវចេញចូលផ្ទះ ចេញចូលដីរបស់ប្រជាពលរដ្ឋ។
ទី២៖ ត្រូវរុះរើរបង រស់រើផ្ទះ ដែលបានសង់លើដីដែលបានចាក់លុបប្រឡាយភ្លឺភ្លោះកន្លងមក។

ដូច្នេះ លោក គឹម សុភ័ណ្ឌ មិនបានអនុវត្ត ឬក៏គោរពតាមនោះឡើយ បន្ទាប់ពីនោះរដ្ឋបាលខេត្តកំពត ក៏បានធ្វើការព្រមាន ប្រសិនបើលោក គឹម សោភ័ណ្ឌ នៅតែមិនអនុវត្តរដ្ឋបាលខេត្ត និងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន ហើយមិនទទួលខុសត្រូវចំពោះការខូចខាតដល់ប្រយោជន៍របស់លោកឡើយ រីឯរាល់ការចំណាយលើប្រតិបត្តិការផ្សេងៗ ជាបន្ទុករបស់លោកទាំងស្រុង៕