(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ប្រជែលចំនួន ៧៨៥កេស ស្នើនឹង១៥,៧០០ដប ជូន មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពតាមស្រុក ក្នុងខេត្តរតនគិរី។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ដែលជាវីរជនជួរមុខ ក្នុងទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព។

ក្នុងឱកាសនោះលោកវេជ្ជ. ក៏បានជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកជំងឺទាំងឡាយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ តំណាងមន្ទីរពេទ្យបង្អែកខេត្ត និងណ្ឌលសុខភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជែល ជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុភាព ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ និងតម្រូវការចាំបាច់នានា៕