(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាពនៅកសិដ្ឋានចិញ្ចឹមបង្កងទឹកសាប និងការចិញ្ចឹមជ្រូក នៅឃុំកំពង់ត្របែក និងឃុំព្រៃឈរ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោក ជា សុមេធី បានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានជួយការងារបច្ចេកទេសបន្ថែម ដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ធានាសន្តិសុខស្បៀង និងសេដ្ឋកិច្ចនៅមូលដ្ឋាន ឈានទៅសម្រេចនិរន្តរភាពនៃការផ្គង់ផ្គង និងតម្លៃ។

លោកអភិបាលខេត្ត ថ្លែងនូវការកោតសរសើរ គាំទ្រជំរុញ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជារដ្ឋបាលជលផល ដែលបានសហការសម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគការចិញ្ចឹមបង្កង ក៏ដូចជាការចិញ្ចឹមជ្រូក និងសត្វផ្សេងៗ សម្រេចទទួលបានជោគជ័យ ជាពិសេសឲ្យត្រូវតាមស្តង់ដារទីផ្សារ គឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍របស់យើង ស្របតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីរប្បកម្មទឹកសាប (ខេត្តព្រៃវែង) ក្នុងឱកាសដែលសម្តេចអញ្ជើញទៅសំណេះសំណាល និងចែកកូនត្រីអណ្តែង និងកូនកង្កែបជូនវារីវប្បករ។

ក្នុងដំណើរចុះពិនិត្យស្ថានភាព ជាក់ស្ដែងនៅកសិដ្ឋានចិញ្ចឹមបង្កង និងកសិដ្ឋានចិញ្ចឹមជ្រូកនេះដែរ លោកអភិបាលខេត្តពិនិត្យឃើញការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមបង្កងពូជថ្មីនៅតំបន់នេះ អាចផ្តល់ជូននូវការធានាសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល ជំរុញ និងបង្កើនផលិតកម្មផ្គត់ផ្គង់អោយទីផ្សារ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។