(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យមានការនិពន្ធចម្រៀងមួយបទក្រោមចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ» រួចមក ទីបំផុត ក៏មានកវីនិពន្ធមួយចំនួនបានបញ្ចេញស្នាដៃបង្ហាញជូនសម្ដេចតេជោ និងប្រជាពលរដ្ឋជនរួមជាតិនៅលើទំព័រ Facebook ជាបណ្ដើរៗហើយ។

តាមបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថាអន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយ ចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ»។

សម្តេចបានបន្តថា «នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេ សូមជួយនិពន្ធមួយបទផង»។

ក្នុងការបង្ហាញសមត្ថភាពនោះដែរ មានម្ចាស់គណនី Facebook មួយមានឈ្មោះថា «Samneth Chan» ដែលរូបគេបានសរសេរយ៉ាងដូច្នេះថា៖
I. កាយជិតលោកតា សប្បាយកន្លង រំភើបអរផង ព្រោះចៅនឹកតា រាល់ថ្ងៃតាហត់ ចុករោយកាយា សឹងគ្មានពេលណា សម្រាកដូចគេ។
II. ទឹកភ្នែកចៅស្រក មិនចេញសំឡេង អាណិតតាពេក តើធ្វើយ៉ាងណា ខ្លួនក៏នៅតូច វ័យក៏កុមារ មិនអាចជួយតា សម្រាលនឿយហត់។
R. មានតែទឹកភ្នែក បន់ព្រះឲ្យជួយ ចៅទី២១ សំពះបន់ផ្សង ទេវតាគ្រប់ទិស ថែតាចៅផង សុខភាពចម្បង សុខសាន្តរាងអើយ។

ពាក់ព័ន្ធនឹងការបញ្ចេញសមត្ថភាពរបស់លោក ចាន់ សំណិត ខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបថា «សូមកោតសសើរនូវការនិពន្ធនៅបទនេះឡើង។ ខ្ញុំនឹងបញ្ជូនទៅចម្រៀងគ្រួសារខ្មែរ ច្រៀងសាកល្បង»

មានគណនី Facebook មួយទៀតដែរ ដែលមានឈ្មោះថា «Sophonren KH» បានសរសេរថា៖
I. លោកតា.. តាហត់នឿយទេ មិនដែលទំនេរ វេលាគិតជាតិ ចៅនឹកលោកតាប្រាថ្នាមិនឃ្លាត ព្រោះតែរឿងជាតិ ញាតិមិនសូវជុំ។
II. លោកតា... តាកុំបារម្ភ ពេលដែលចៅធំ ចៅជួយកិច្ចការ ទឹកភ្នែកចៅស្រក់ស្រណោះលោកតា តែកុំព្រួយណា ចៅនឹងរឹងមាំ។
R. សូមគុណបារមីថ្លៃថ្លាឧត្តម រក្សាតាខ្ញុំ ឱ្យមានជន្មា ដល់ទៅរយឆ្នាំ ឈ្នះគ្រប់រោគា ចៅតូចនៅជាកម្លាំងចិត្តតា។
III. លោកតា...ឱរាចៅស្បើយ ក្នុងចិត្តល្ហែល្ហើយពេលនៅក្បែរតា ចៅទី២១និត្យនៅរក្សា មើលថែលោកតា ពេលចៅធំធាត់។

គណនី Facebook មួយទៀតឈ្មោះ «Rithy Eng» បានសរសេរថា ឆ្លៀតពេលក្នុងបន្ទប់កំពុងប្រចាំការ ក្មួយក៏សរសេរចម្រៀងមួយបទដែលជាសំណូមពររបស់សម្តេចពូ ដែលមានចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ» បែបមនោសញ្ចេតនាស្នេហាកំលោះក្រមុំ តាមលំនាំបទ «វាលស្រែមួយរយ» ដែលច្រៀងដោយលោក ជា សាវឿន។
១/ តំណក់ទឹកភ្នែក ជ្រែកកាត់ផែនថ្ពាល់ ជីវិតបានស្គាល់ គ្រប់រសជាតិហើយ ផ្អែមប្រៃល្វីងជូរ សួរគ្មានអ្នកឆ្លើយ ហែលកាត់កោះត្រើយ កើយថ្មគងថ្ងាស។
២/ ទឹកភ្នែកខ្ញុំស្រក់ តែខ្ញុំមិនយំ ទោះបីសត្វឃ្មុំ មិនបានជួបផ្កា នេះគឺនិស្ស័យ ព្រះព្រហ្មបានចារ ឱ្យរឿងស្នេហា បុប្ផាស្រពោន។
R/ ទឹកភ្នែកទឹកភ្លៀង លាងដួងចិន្តា លុងទ្រូងឱរា សែនជ្រៅជ្រាបឈាម បេះដូងបងស្មោះ ស្ម័គ្រស្នេហ៍ក្នុងនាម ដូចអង្គព្រះរាម ស្នេហ៍តែសិតា។
៣/ បងមិនយំទេ គឺភ្នែកអ្នកយំ នឹកគិតប៉ងជុំ ជួបតែកនិដ្ឋា ក្នុងមួយជាតិនេះ គ្មានក្តីប្រាថ្នា ស្រីផ្សេងឡើយណា ក្រៅពីនួននាង។

គណនីឈ្មោះ «Lee Sinhourn» បានសរសេរមកថា៖
១/ ចៅបានតាពរអររំភើបពេក រហូតទឹកភ្នែកហូរមកឯងៗ ញញឹមក្នុងចិត្តសុខគ្មានអ្វីថ្លែង ព្រោះដៃតាតែងផ្ដល់ភាពកក់ក្ដៅ។
២/ បេះដូងនឹកនាទាមទារចង់ក្បែរ អារម្មណ៍ថ្នមថៃស្នេហ៍តាមនិងចៅ នឿយហត់ប៉ុនណាក៏អស់ហ្មងសៅ ពេលឃើញមុខចៅជាម្ចាស់ដង្ហើម។
R/ ចៅស្រក់ទឹកភ្នែកតែមិនមែនយំ ថ្ពាល់ក្រហមទុំភ្នែកមានសំណើម ស្រលាញ់ចៅខ្លាំងតាំងតែពីដើម ចៅជាសន្សើមផ្សើមដើមជីវិត។
៣/ ភាសាកែវភ្នែកជំនួសសម្ដី ដឹងថាចៅស្រីនឹកតាខ្លាំងពិត បេះដូងតាមប្រាប់ចៅជាដួងចិត្ត តាសែនស្នេហ៍ស្និទ្ធនឹកចៅដូចគ្នា។

ម្ចាស់គណនី Sie Kimsrieng ក៏បាននិពន្ធចម្រៀងមួយនេះជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរថា៖

សូមគោរពសម្តេចដ៏ខ្ពង់ខ្ពស់ពីចម្ងាយ ខ្ញុំបាទឈ្មោះសៀ គីមស្រៀង បានសរសេរបទនេះជូនសម្តេច និងចៅស្រី
បទ៖ ស្រក់ទឹកភ្នែកតែមិនយំ
1. តើមានរឿងអ្វី ទើបស្រក់ទឹកភ្នែកដូចមេឃ ដែលភ្លៀងបើកថ្ងៃ ទឹកភ្នែកតក់ៗ ស្រក់មកលើដៃ ក្រៀមក្រំក្រៃ ចៅស្រីទីម្ភៃមួយ។
2. អន់ចិត្តរឿងអ្វី គួរប្រាប់ឲ្យដឹង សម្លឹង យូរទៅតាព្រួយ ឃើញតែទឹកភ្នែក មិនយំរំអួយ តែរញ្ជួយ រំជួលដល់ចិត្តតា។
R. បើត្រូវយំ គួរយំឲ្យឮ បើចៅឈឺ តើឈឺត្រង់ណា ឈឺចិត្តឈឺកាយ សូមចៅប្រាប់តា ឲ្យបានដោះស្រាយបញ្ហា បញ្ចប់ទឹកភ្នែក។
3. តាបីតាព ផ្តល់ភាពកក់ក្តៅ តានៅ ចាំជួយរំលែក ញញឹមមកណា ហើយជូតទឹកភ្នែក តាមិនប្លែក បែកចិត្តពីចៅឡើយ៕

សូមជម្រាបថា ការស្នើឱ្យមានការនិពន្ធចម្រៀងមួយបទក្រោមចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ» របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ដើមហេតុដែលនាំឱ្យមានការស្នើបែបនេះ ផ្តើមចេញពីចៅស្រីទី២១របស់សម្តេច ដែលតែងសុខចិត្តស្រក់ទឹកភ្នែក តែមិនយំឱ្យឮនោះទេ នៅពេលដែលអន់ចិត្តអ្វីមួយ៕