(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជុំរុញ) ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្ត ដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី២ ហើយមានរយៈពេល ០៤(បួន)ខែ និងមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងស្រុកព្រៃឈរ, ស្រុកកំពង់សៀម និងក្រុងកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ជូនដល់ប្រជាពលរដ្ឋ យុវវ័យ និងកុមារចាប់ពីអាយុ០៥ឆ្នាំ មានប្រជាពលរដ្ឋ អាណាព្យាបាល កុមារចាប់ពីអាយុ០៥ឆ្នាំ ភាគច្រើនលើសលប់ បានចូលរួមយ៉ាងផុសផុល ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ និងទី២ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសុខាភិបាលបន្តចាក់វ៉ាក់សាំងការពារជំងឺកូវី៥-១៩ ដូសំទី៣ (ដូសជំរុញ) ជូនដល់អ្នកអាយុចាប់ពី១៨ឆ្នាំឡើង រស់នៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ បន្ទាប់ពីទទួលបាន់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ហើយមានរយៈពេល០៤(បួន)ខែ ដើម្បីបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ ទប់ទល់នឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្ត បានសំណូមពរប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងរស់នៅតាមបណ្តាក្រុង-ស្រុកខាងលើ និងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ហើយមានរយៈពេល ០៤(បួន ខែ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្ត បានរៀបចំ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ
២០២១នេះតទៅ៖

* ពេលព្រឹក ចាប់ម៉ោង ០៨:០០នាទី ដល់ម៉ោង ១១.០០នាទី
* ពេលរសៀល ចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៦:០០នាទី៕