(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២១នេះ ទាំងការគ្រប់គ្រងសំអាតដឹកជញ្ជូនសំរាម និងការរក្សា នូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ មានលក្ខណៈល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ ហើយអ្នកទៅដើរលេងកំសាន្តនៅក្នុងពិធីនេះ ក៏មានចំនួនរាប់ម៉ឺននាក់ផងដែរ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាអ្នកដឹកនាំដឹកនាំលើប្រតិបត្តិការលើប្រមូល និងដឹកជញ្ជូនសំរាម នៅព្រះរាជពិធីអុំទូកនេះផងដែរនោះ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកានេះថា សម្រាប់៤ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពោលគឺចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន បានធ្វើការប្រមូលសំរាមបានយ៉ាងល្អប្រសើរ ទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក សំ សាមុត បានបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់វេនគ្នា ដើម្បីប្រមូលសំអាត និងដឹកជញ្ជូនសំរាម ចេញពីកន្លែងប្រារព្ធពិធី ជាប្រចាំ ក្នុងរយៈពេល៤ថ្ងៃនេះ ដោយអនុវត្តការងាររាល់ថ្ងៃ ចាប់ពីម៉ោង២៖០០នាទីទៀបភ្លឺ រហូតទៅដល់ម៉ោង៧ព្រឹក គឺសំរាមត្រូវតែស្អាតនៅតាមទីតាំងសំខាន់ៗ ក៏ដូចជានៅតាមទីសាធារណៈនានា ពិសេសនៅមុខព្រះបរមរាជវាំង ក៏ដូចជាចាប់ពីវត្តភ្នំ រហូតទៅដល់វិមានឯករាជ្យ មុខវត្តបទុម សួនច្បារសម្ដេចតេជោ ទីស្ដីការគណៈរដ្ឋមន្ត្រី និងនៅ DN ក្រសួងការពារជាតិជាដើម។

លោកបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលដឹកនាំការងារដោយលោកផ្ទាល់ បានអនុវត្តការងារ ដោយការប្ដូរវេនគ្នា ២៥០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកក្រុមហ៊ុនឯកជនបានប្រើប្រាស់កម្លាំងប្រមាណ៦០នាក់ ក្នុងមួយថ្ងៃផងដែរ ដោយប្រមូលសម្រាមនៅត្រើយខាងកើតទន្លេ ។ ការសហការគ្នាល្អនេះហើយ ទើបព្រឹត្តិការណ៍នៃការបុណ្យអុំទូកឆ្នាំនេះ ការប្រមូល និងការសំអាតសំរាម នៅទីកន្លែងសាធារណៈ ដូចជានៅទីតាំងសំខាន់ៗ មួយចំនួនឃើញថា បានល្អប្រសើរ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២១នេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋមានការអនុវត្តវិធានការការពារខ្លួនបានយ៉ាងល្អ ដែលជាសញ្ញាណវិជ្ជមាននៃការបើកសេដ្ឋកិច្ចជាតិឡើងវិញ ហើយនេះបានបង្ហាញកាន់តែច្បាស់នូវភាពជោគជ័យរបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកឈ្នះជំងឺរាលត្បាតជាសកលកូវីដ-១៩។

លោកថា មូលដ្ឋាននៃភាពជោគជ័យនេះ គឺការសាមគ្គីភាពដ៏រឹងមាំ របស់ប្រជាជនគ្រប់រូប បានជឿជាក់ អនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ដ៏ឆ្នើមបំផុតរបស់កម្ពុជាយើង។

លោក ម៉េត មាសភក្តី បានបញ្ជាក់ទៀតថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នេះ សម្រាប់រាជធានី មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកំសាន្ត នៅរាជធានីភ្នំពេញប្រមាណជាង១០ម៉ឺននាក់ ដោយក្នុងនោះថ្ងៃទី១ មានប្រមាណ៥ម៉ឺននាក់ ថ្ងៃទី២ ប្រមាណ៧ម៉ឺននាក់និងថ្ងៃទី៣ប្រមាណ៥ម៉ឺននាក់៕