(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីសេវាសាធារណៈគំរូវិស័យអប់រំ និងវិស័យសុខាភិបាល ជូនដល់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធទូទាំងខេត្ត។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការពាក់ព័ន្ធមួយចំនួនផងដែរ។

បើតាមលោក បុិច ជីន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានបញ្ជាក់ថា មន្ទីរមុខងារសាធារណៈខេត្ត សហការមួយរដ្ឋបាលខេត្ត ដើម្បីចែកសៀវភៅករណីសិក្សា ស្តីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃជយលាភីលេខ១ អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០១៩ និងសៀវភៅករណីសិក្សា ស្តីពីមគ្គុទេសក៍កំណែទម្រង់ «គុណានុភាព នៃសាលាបឋមសិក្សាវត្ដបូព៌» ជូនរដ្ឋបាលខេត្តក្រុង/ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តស្ទឹងត្រែង។

លោក ជា ថាវវិទ្ធ ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង ត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីដកស្រង់បទពិសោធន៍ សម្រាប់កែលម្អការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ និងទទួលបានទំនុកចិត្តកាន់តែខ្លាំងពីប្រជាពលរដ្ឋ។

ក្នុងនោះដែរ លោក ជា ថាវរិទ្ធ បានបន្តថា ស្របតាមស្មារតី នៃអនុក្រឹត្យ ដែលមានស្ថាប័នចំនួន៩ ចូលរួម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចទទួលស្គាល់ជយលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូ ចំនួន៤០ (វិទ្យាល័យចំនួន១០ មន្ទីរពេទ្យបង្អែកដែលផ្តល់សេវា សំណសកម្មភាពបង្គ្រប់កម្រិត១ ចំនួន១០, កម្រិត២ ចំនួន១០ និងកម្រិត៣ ចំនួន១០ ទៅតាមចំណាត់ថ្នាក់ពីទី១ រហូតដល់លេខ១០) និងសម្រេចផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ៣,១៦០លានរៀល រួមជាមួយនឹងវិញ្ញាបនបត្រ និង ពានរង្វាន់ជយលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ។

លោកអភិបាលរងខេត្ត បានសង្ឃឹមថាយន្តការនេះ អាចចាត់ទុកថាការបំផុសឡើងវិញនូវចលនានៃការលើកទឹកចិត្តមន្ត្រីរាជការ និងអង្គភាពដែលមានស្នាដៃឆ្នើម ក្នុងការបង្កើនផលិតភាពការងារក្នុងរដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ចំពោះគ្រឹះស្ថានសិក្សា និងមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងមណ្ឌលសុខភាពតាមបណ្ដាលក្រុង/ស្រុក ក្នុងខេត្តស្ទឹងត្រែង ខិតខំដណ្ដើម ជយលាភីគំរូជូនអង្គភាពស្ថាប័នរបស់ខ្លួន ដោយក្នុងនោះយន្តការនេះ ក៏ធ្លាប់បានអនុវត្តរួចមកហើយក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជាផងដែរ៕