(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ដូសទី៣ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង នៅមណ្ឌលសុខភាពថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

នៅក្នុងយុទ្ធនាការចាក់សាំងដូសទី៣នេះដែរ ក៏មានការចូលរួមពីអភិបាលរងខេត្ត, ប្រធានមន្ទីរសុខាភិបាល លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានា ក្នុងខេត្តរួមទាំងប្រជាពលរដ្ឋដែលមកទទួលការចាក់ វ៉ាក់សាំងជាច្រើនរូបទៀតផងដែរ។

លោក ម៉ែន វិបុល បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញក្នុងការការពារប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធិភាពខ្ពស់។

ជាមួយគ្នានេះលោក ម៉ែន វិបុល ក៏បានអំពាវនាវប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាដូសជំរុញឱ្យបានគ្រប់ៗគ្នា ហើយត្រូវទៅតាមការ កំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ហើយក្រោយទទួលបានវ៉ាក់សាំងរួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ (ដូសទី៣) ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើង មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ មានចំនួន២ស្រុកគឺ ស្រុករំដួល និងស្រុកកំពង់រោទិ៍ ទៅតាមពេលវេលា និងទីតាំងដូចជា៖ ពេលព្រឹកពីម៉ោង ៧៖៣០ ដល់ម៉ោង១១៖៣០នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀល។

ទីតាំងចាក់វ៉ាក់សាំងរួមមាន៖ ស្រុករំដួល៖ មណ្ឌលសុខភាពថ្នាធ្នង់, មណ្ឌលសុខភាពបុសមន, វត្តជ័យមុន្នី (ឃុំម៉ឺនជ័យ) និងវត្តបន្ទាយ (ឃុំកំពង់ចក)។ ស្រុកកំពង់រោទិ៍៖ មណ្ឌលសុខភាពញរ, មណ្ឌលសុខភាពខ្សែត, មណ្ឌលសុខភាពត្នោត, មណ្ឌលសុខភាពស្វាយតាយាន និងមណ្ឌលសុខភាពសំយោង៕