(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកពិព័រណ៌សិល្បៈជាច្រើនប្រភេទ បង្ហាញជូនសាធារណជន ឱ្យទស្សនាដោយឥតគិតថ្លៃ នៅសារមន្ទីរជាតិ ពិព័រណ៍នេះនឹងដាក់តាំងបង្ហាញជូនទស្សនា ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ការតាំងពិព័រណ៌សិល្បៈនេះ គឺជាព្រឹត្តិការណ៍មួយ ក្នុងមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

បើតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការរៀបចំពិព័រណ៍ផ្ទាល់នេះ មានការចូលរួមពីសិល្បករចំនួន ៣៧រូប មកពីទ្វីបអាស៉ីនិងអឺរ៉ុប ដែលបាននាំយកស្នាដៃមកបង្ហាញតាមរយៈប្រធានបទធំៗចំនួន៦ គឺ Happy Hoad, Sahakaplayground, Encountering culture. The longest voyage. Thing that count, ll Nodo: A sketch of hope ។

លោកបន្តថា ស្នាដៃសិល្បៈ ទាំងអស់នេះ ជាស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូ ដែលចុះបង្ហាញបទពិសោន៍នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំ និងការចូលឥទ្ធិពលគំនិតរវាងសិល្បករនៃទ្វីបទាំងពីរ។ល។ រូបខ្លឹមសារនៃពិព័រណ៍នេះ បានបង្ហាញពីសាមគ្គីភាព និងចំណងមិត្តភាពលើវិស័យវប្បធម៌ នៃបណ្តាប្រទេសក្នុងទ្វីបអាស៉ី និងអឺរ៉ុប។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ASEM13 នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ហើយក្នុងឱកាសនោះ ក្រសួងវប្បធម៌ សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៉ីអឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៉ី និងអឺរ៉ុប។

មហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ឆ្នាំ២០២១ មានចំណងជើងថា «អាស៉ី និងអឺរ៉ុប៖ ចំណងវប្បធម៌» ដែលជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍ជាង៣០ ដែលមានសិល្បករអាស៉ី និងអឺរ៉ុប ជាង ១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៉ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្រ្តី ការតាំងពិព័រណ៌ និងវេទិកាជជែកពិភាក្សា។

ក្នុងរយៈពេល ៥ថ្ងៃ នៃមហោស្រព ព្រឹត្តិការណ៍សិល្បៈតំណាងឲ្យដៃគូអាស៉ីអឺរ៉ុប ជាង២០ រួមមាន ការសម្តែងរបាំ និងល្ខោន ការប្រគុំតន្ត្រី សិល្បៈសូនរូប ការតាំងពិព័រណ៌ និងវេទិកាពិភាក្សាជាមួយសិល្បករ នឹងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ www.ASEMculturalfestival.com ។ កម្មវិធីផ្ទាល់នៅនឹងកន្លែង នៃមហោស្រពនេះ រួមមាន៖ ការតាំងពិព័រណ៌សិល្បៈ ដែលរៀបចំនៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តចំនួន៤ នៅរោងភាពយន្ត Major Cineplex រាជធានីភ្នំពេញផងដែរ៕