(កំពង់ចាម)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២១នេះ អាចនឹងមានការកើនឡើង ក្នុងរង្វង់៣ភាគរយ ក្រោយកម្ពុជាបើកប្រទេសឡើងវិញ ខណៈនៅឆ្នាំក្រោយ អាចសម្រេចលើស៥ភាគរយ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ ក្នុងទឹកដីស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្យាករណ៍ថា កំណើនសេដ្ឋកិច្ចចុងឆ្នាំនេះ នឹងអាចលើសការ ដែលយើងដាក់នៅក្នុងផែនការ [...] យើងដាក់ថា កំណើនសេដ្ឋកិច្ច ឆ្នាំ២០២១នេះ ២,៤ភាគរយ ប៉ុន្ដែមានអង្គការមួយ មកវាយតម្លៃបានទៅដល់២,៨ភាគរយ ហើយខ្ញុំគិតថា បើសិនជាកំណើនសេដ្ឋកិច្ច២ខែ ចុងឆ្នាំនេះល្អ គឺកំណើនរបស់យើង អាចឈានឆ្ពោះទៅរក ជុំវិញ៣ភាគរយ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងទៀតថា នៅឆ្នាំ២០២២ខាងមុខនេះ សម្ដេចមានសង្ឃឹមថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចហក់ឡើងលើស៥ភាគរយ ក្រោយកម្ពុជា បើកប្រទេសឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងបែបនេះថា «ឆ្នាំក្រោយយើងដាក់កំណើនសេដ្ឋកិច្ច ត្រឹមតែ៤,២ភាគរយ ក៏ប៉ុន្ដែខ្ញុំមានសង្ឃឹមថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចហក់ឡើងលើស៥ភាគរយ ដែលអង្គការមួយនោះ មកវាយតម្លៃថា នឹងបានទៅដល់៦,៨ភាគរយ ក៏ប៉ុន្ដែខ្ញុំគ្រាន់តែថា អាចលើស៥ភាគរយ ប៉ុណ្ណឹងទៅចុះ»

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយម ជាមួយនឹងកំណើនសេដ្ឋកិច្ចបែបនេះ ដោយសារកំណើន នៃការនាំចេញរបស់វិស័យកសិកម្ម និងវិស័យឧស្សាហកម្មមានភាពល្អប្រសើរ ព្រមជាមួយនឹងការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែលនឹងចូល ជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ជាពិសេសចិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការនាំចេញក្នុងវិស័យកសិកម្ម ក្នុងឆ្នាំនេះ មានទំហំទឹកប្រាក់លើសឆ្នាំមុន និងលើសផែនការ បើទោះជាកម្ពុជាប្រឈម នឹងវិបត្តិជំងឺកូវីដ១៩ក៏ដោយ ខណៈដែលកម្ពុជានឹងចរចានាំចេញដោយត្រង់នូវកសិផលជាកញ្ចប់ ជាមួយប្រទេសចិននាពេលខាងមុននេះ។

ចំណែកវិស័យឧស្សាហកម្មវិញ បើទោះបីជាកម្មករ មានការព្យួរការងារខ្លះក៏ដោយ ក៏នៅមានការវិនិយោគទៅលើរោងចក្រមួយចំនួន ដែលធ្វើឲ្យទំនិញរបស់កម្ពុជា នាំចេញទៅក្រៅប្រទេសមានទំហំធំ ខណៈដែលវិស័យសេវាកម្ម ដែលរងផលប៉ះពាល់ខ្លាំង នឹងចាប់ផ្តើមងើបឡើងវិញជាបណ្តើរ។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។

គួររំលឹកថា តាមខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា២,៤% និងនៅឆ្នាំ២០២២ ក្នុងរង្វង់៤,៨% ប៉ុន្ដែឥលូវនេះ សម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងមានការកើនឡើងក្នុងរង្វង់៣% ខណៈឆ្នាំក្រោយអាចលើស៥%៕