(កំពង់ចាម)៖ ថ្លែងចេញពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុងដាវូស ប្រទេសស្វីស រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៧-២២ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

ឆ្លើយតបទៅនឹងពួកក្រុមប្រឆាំងជ្រុលនិយម ដែលបានដើរនិយាយមិនល្អពីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះថា «ហើយប្រាប់ទុកឱ្យហើយ ត្រៀមទៅធ្វើបាតុកម្មនៅដាវូស (ទីក្រុងដាវូស ប្រទេសស្វីស)ទៅ ប្រាប់កន្លែងឱ្យទៅធ្វើឆ្នាំនេះ ហ៊ុន សែន នឹងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវូស អ្នកឯងទៅត្រៀមធ្វើបាតុកម្មប្រឆាំងខ្ញុំនៅនឹងទៅ ទៅធ្វើអញ្ជើញទៅឱ្យដល់ទៅ»

សម្តេចតេជោ បានបញ្ជាក់ទៀត នៅក្នុងដំណើរទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនេះ នឹងចុះធ្វើទស្សនកិច្ចនៅប្រទេសស្លូវ៉ានៀ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ស្លូវ៉ានៀ រួចនឹងបន្តដំណើរទៅអឺរ៉ុប ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នាថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នាទីក្រុងដាវូស បន្ទាប់ពីបញ្ចប់វេទិកានេះ នឹងត្រឡប់មកវិញចុះនៅឌូប៉ៃ ដើម្បីបើកស្ទង់របស់កម្ពុជា នៅក្នុងពិព័រណ៍ពិភពលោកបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំដល់ពួកប្រឆាំងដែរថា «ចឹងខ្ញុំប្រាប់ទីកន្លែងអ្នកឯងថា ខ្ញុំទៅដាវូស ទៅធ្វើបាតុកម្មទៅ ខ្ញុំនឹងទៅដល់នឹង រួចហើយបើថាត្រូវឱ្យតុលាការ អីណា ឧក្រិដ្ឋកម្មអន្តរជាតិចាប់ខ្ញុំ ទៅចាំចាប់នៅនឹងទៅ កុំអឺវាជ្រុល វាពិបាកពេក ទៅឱ្យចាប់ខ្លួនតែម្តងទៅ..ប្រទេសអធិបតេយ្យមួយ វាគ្មានរឿងអីសោះ ផ្តាំទៅពីនឹង ទុកឱ្យហើយ ទៅត្រៀមកម្លាំងបានទេត្រឹម ៤០០ ៥០០នាក់ យកមកធ្វើបាតុកម្មទៅ»

សម្តេចតេជោ បានបញ្ជាក់ដែរថា កាលសម្តេចទៅប្រទេសស្វីស ក្នុងកំឡុងឆ្នាំ២០១៨ មុនដែលសម្តេចទៅ គឺមានការធ្វើបាតុកម្មនៅប្រទេសស្វីស ហើយពេលសម្តេចទៅ២ដង មិនមានមនុស្សសូម្បីមួយនាក់មកធ្វើបាតុកម្ម ក្នុងពេលដែលមានមនុស្សរាប់ពាន់នាក់ បានមកទទួលជួបសំណេះសំណាលជាមួយសម្តេចទៅវិញ។ ទៅញ៉ូយ៉ក មានមនុស្សត្រឹមតែ ១០០ ទៅ ២០០នាក់ ធ្វើបាតុកម្ម ក្នុងពេលដែលមានមនុស្សប្រមាណ ២,០០០នាក់ មកទទួលសម្តេច រកតែកន្លែងដាក់មនុស្សមិនបានផង៕