(ភ្នំពេញ)៖ លោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា ចូលជួបសម្ដែងការគូរសមជាមួយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

កិច្ចជំនួបនេះ បានធ្វើទ្បើងក្នុងគោលបំណង ដើម្បីពិភាក្សាការងារ ផ្លាស់ប្តូរយោបល់ រាយការណ៍ពីសកម្មភាពនិងវឌ្ឍនភាពការងារឆ្នាំ២០២១ របស់ វេទិកាសន្តិភាពកម្ពុជា ជូនលោកប្រធាន ហ៊ុន ម៉ានី និងសុំចែករំលែកនូវបទពិសោធន៍ល្អៗ ព្រមទាំងអនុសាសន៍ណែនាំរបស់ លោកប្រធាន ដើម្បីយកមកអនុវត្តពង្រឹងការងារសកម្មក្នុងឆ្នាំ២០២២ ខាងមុខនេះ។

លោកសួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅក្នុងជំនួបដ៏សែនកក់ក្តៅ និងទទួលបាននូវការស្វាគមន៍ដ៏រាក់រាក់បំផុតពីសំណាក់ លោកប្រធាន ហ៊ុន ម៉ានី នាឱកាសនេះក្រៅពីបានគោរពធ្វើការគួរសមចំពោះលោកប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក រួចហើយ លោកក៏បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបពីប្រវត្តិនៃការកកើត អង្គការវេទិកាសន្តិភាពកម្ពុជា សកម្មភាពការងារ លទ្ធផលការងារ ផលលំបាក និងការងារប្រឈម រួមទាំងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ នៃវេទិកាសន្តិភាពកម្ពុជា ក៏ដូចជាសមាជិកសកម្មនៅថ្នាក់មូលដ្ឋានទាំងអស់ ដែលរួមឆន្ទៈគ្នាតែមួយដើម្បីបំពេញបេសកកម្ម ដើម្បីសម្រេចគោលដៅ និងគោលបំណងរបស់ យើងក្នុងបុព្វហេតុផ្សព្វផ្សាយអប់រំ ការពារនូវគុណតម្លៃនៃសន្តិភាពដែលប្រទេសជាតិទទួលបាន នៅក្រោមការដឹកនាំ និងលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគុទ្ទេសក៏សន្តិភាពនៃកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ លោកប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជារូបនេះ បានដាក់លិខិតផ្លូវការជូន សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីស្នើសុំដាក់បញ្ចូល អង្គការវេទិកាសន្តិភាពកម្ពុជា ជាសមាជិកនីតិបុគ្គលអង្គការសមាគម នៅក្រោម សហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានអញ្ជើញ លោកប្រធាន ហ៊ុន ម៉ានី ដោយផ្ទាល់មាត់ដើម្បីចូលរួមជាកិត្តិយស ជាគណអធិបតីនៃ សន្និបាតបោះតង់ លើកទី១ របស់ វេទិកាសន្តិភាពកម្ពុជា ដែលគ្រោងធ្វើនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ខាងមុខនេះនៅខេត្តសៀមរាប។

លោកសួន សេរីរដ្ឋាបានបញ្ជាក់ថា សំណើរនេះ ត្រូវបានលោកប្រធាន ហ៊ុន ម៉ានី ណែនាំឲ្យសិក្សាឲ្យបានច្បាស់លាស់អំពីទីតាំង ពេលវេលា និងចំនួនអ្នកចូលរួមជាក់ស្តែង ព្រមជាមួយនិងកម្មវិធី និងច្បាប់ទម្លាប់ផ្សេងៗ រួចដាក់លិខិតអញ្ជើញផ្លូវការមក លោកប្រធានវិញ ដើម្បី លោកប្រធាន ពិនិត្យនិងសម្រេច។

លោកប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានបន្តថា ដោយភាតរភាព និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់ ព្រមជាមួយនឹងទឹកចិត្តដ៏ទូលំទូលាយនៃការចែករំលែកបទពិសោធន៍ ក៏ដូចជាមតិណែនាំល្អៗដោយឥតលាក់លៀមពីសំណាក់ លោកប្រធាន ហ៊ុន ម៉ានី ជំនួបពិភាក្សានេះ បានបញ្ចប់ដោយជោគជ័យក្រោមបរិយាកាសរីករាយ រាក់ទាក់ ស្និទស្នាល និងជឿជាក់លើកិច្ចការងារសហការណ៍ទៅថ្ងៃខាងមុខជាមួយគ្នា និងរួចមកបានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ថែមទៀតផង៕