(កណ្តាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញមន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹក ខ្សាច់ ដឹកដី ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវគឺ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។

ការថ្លែងបែបនេះបានធ្វើទ្បើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងណែនាំទៅដល់អាជីវកម្មខ្សាច់ ក្នុងក្រុងតាខ្មៅ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២នេះ។

លោក ណុប ដារ៉ា បានថ្លែងឲ្យដឹងថា រាល់ការដឹកជញ្ជូនខ្សាច់ គ្រួស និងដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាតពេលចេញពីដេប៉ូ ហើយត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានស្អាត។ ក្នុងករណីម្ចាស់អាជីកម្មណាដែលនៅតែប្រព្រឹត្តល្មើសច្បាប់ ធ្វើឱ្យផ្លូវខូច ត្រូវទទួលខុសត្រូវជួសជុលផ្លូវឱ្យបានស្អាតឡើងវិញ និងត្រូវរងការផាកពិន័យ ឬបិទអាជីវកម្មតែម្ដង។

លោកអភិបាលរងខេត្ត បានស្នើដល់មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុង ត្រូវរួមសហការគ្នាចុះពិនិត្យដល់ទីតាំង អាជីវកម្មខ្សាច់ ដើម្បីដឹងថាតើម្ចាស់អាជីវកម្មទាំងនោះ មានការសំអាត និងបានធ្វើកន្លែងលាង រថយន្តខ្សាច់ មុនពេលដឹកខ្សាច់ចេញពីដេប៉ូបានត្រឹមត្រូវដែរទេ បើម្ចាស់អាជីវកម្មណាមួយមិនសហការ នោះអាជ្ញាធរត្រូវអនុវត្តតាមច្បាប់ដោយគ្មានការយោគយល់ឡើយ។

នាឱកាសនេះ លោក ណុប ដារ៉ា ក៏បានស្នើដល់ម្ចាស់អាជីវកម្មទាំង២២ដេប៉ូ ឱ្យចូលរួមដើម្បីធានាការថែទាំ ផ្លូវ(២៨,៥គម) លូ ឱ្យបានស្អាតជាប្រចាំ ដោយគឹតចាប់ពី ផ្លូវ២១អា និងផ្លូវ២១បេ ប្រវែង ៦គម ព្រមទាំងឱ្យម្ចាស់ អាជីវកម្មទាំងអស់ត្រូវចូលរួមជួសជុលកំណាត់ផ្លូវដែលខូចខាត ប្រសិនបើ ការដឹកជញ្ជូនធ្វើឱ្យខូចខាតផ្លូវ និងស្នើដល់ម្ចាស់អាជីវកម្មត្រូវរួមគ្នាជួយចេញថ្លៃបោសម្អាតជារៀងរាល់ខែ ដែលមានតម្លៃសរុបចំនួន ១០០,០០០,០០០រៀល ដោយសំដៅលើការបោសសម្អាតផ្លូវ ការជួសជុល និងថែទាំផ្លូវ ព្រមទាំងស្ដារលូ ដែលត្រូវប្រើប្រាស់ គ្រឿងចក្រចំនួន ០៧គ្រឿង និងកម្មករ ២៥នាក់ផងដែរ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មទាំង២២ដេប៉ូ ដែលបានសហការក្នុងការរួមចំណែកថែរក្សា និងជួសជុលផ្លូវ ក៏ដូចជាចូលរួមស្ដារលូ ដើម្បីផ្លូវស្អាត និងគ្មានទឹកដក់ផងដែរ៕