(ភ្នំពេញ)៖ លោកស្រី Caiying Wu ក្នុងនាមថ្នាកដឹកនាំក្រុមហ៊ុន Cambodain-Chinese Investment Co.,Ltd. និង Lyshows Investment (Cambodia)Co.,Ltd. តំណាងសមាគមពាណិជ្ជកម្មចិនឆោសាននៅកម្ពុជា និងសហការី បាននាំយកអំណាយមនុស្សធម៌ស៊ុបឆ្នាំងភ្លើង ចំនួន៦០០ប្រអប់ ឧបត្ថម្ភដល់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងសកម្មភាពមនុស្សធម៌ ដើម្បីចែកជូនដល់លោកយាយលោកតាចាស់ជរា កម្មករ អ្នកបោសសំរាមដងផ្លូវ អ្នកអនាម័យ សន្តិសុខ និងបងប្អូននិស្សិតជាច្រើន សរុបចំនួនប្រមាណ៣០០នាក់ នៅមុខអាគារសមាគមសម្ព័ន្ធខ្មែរ-ចិន ក្នុងតំបន់អភិវឌ្ឍន៍OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងពិធីប្រគល់ និងទទួលអំណោយ ពីសមាគមពាណិជ្ជកម្មចិនឆោសាននៅកម្ពុជា ធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏មានការចូលរួមផ្តល់កិត្តិយសពីសំណាក់លោក សុក ហ៊ុយ តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយស សមាគមនិស្សិត លោក ស៊ុន លាងចេង សមាជិកក្រុមប្រឹក្សាភិបាលសមាគម លោក ពេជ ដារ៉ូ សមាជិកក្រុមប្រឹក្សាភិបាលសមាគម កញ្ញា លី មន្នី ទីប្រឹក្សាសមាគម លោក ហ៊ីម កំផែ ប្រធានក្រុមនិស្សិតអាហារូបករណ៍ ស សុខា ខេត្តអានហួយ លោកវេជ្ជបណ្ឌិត មៀច ជំនោ លោកវេជ្ជបណ្ឌិត លី សៀវហ្វុង អនុប្រធានក្រុមពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជាចិន និងក្រុមការងារនិស្សិតស្ម័គ្រចិត្ត។

លោក អ៊ុំ វុទ្ធទី តំណាងឲ្យសមាគមនិស្សិតកម្ពុជាប្រចាំ សាធាណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមពាណិជ្ជកម្មចិនឆោសាននៅកម្ពុជា ដែលគាំទ្រសកម្មភាពសមាគមនិស្សិត ព្រមទាំងសន្យាបន្តចូលរួមឧបត្ថម្ភកម្មវិធីមនុស្សធម៌នានា របស់សមាគមនិស្សិតនៅលើកក្រោយទៀត ជាពិសេសពាក់ព័ន្ធនឹងសម្ភារៈសិក្សា និងអាហារូបត្ថម្ភ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សមាគម ក្នុងការរួមចំណែកជាមួយកិច្ចការសង្គម ជាពិសេសបានជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត កុមារកំព្រា និងសិស្ស-និស្សិតក្រក្រី។

ក្នុងឱកាសនោះ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសមាគមនិស្សិត ក៏បានប្រគល់នូវសៀវភៅ ចំណងជើងថាៈ«សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា» «ទឹកចិត្តអ្នកជួយសង្គ្រោះ» និង «សម្តេច ហ៊ុនសែន វីរបុរសសង្ហា ដើរបញ្ច្រាសទិស ប្រយុទ្ធកូវីដ-១៩» ជាភាសាអង់គ្លេស និង ភាសាចិន ជូនលោកស្រី Caiying Wu តំណាងសមាគមពាណិជ្ជកម្មចិនឆោសាននៅកម្ពុជា ជាកាដូរអនុស្សាវរីយិ៍ ដែលជាស្នាដៃ រៀបរៀងរបស់លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕