(កណ្ដាល)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងនឹងធ្វើការស្ថាបនាកំណាត់ផ្លូវជាតិលេខ២១B (ផ្លូវលេខ១១៥) ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ (ស្ពានព្រែកហូរ) ទល់នឹងរង្វង់មូលនាគ ស្ពានព្រែកសំរោង ក្រុងតាខ្មៅដែលមានប្រវែងប្រមាណជា៣គីឡូម៉ែត្រ ឱ្យបានល្អរឹងមាំស្របតាមស្តង់ដា ក្រោយរងការខូចខាតដោយសារឡានដឹកខ្សាច់កិនកម្ទេចជារៀងរាល់ថ្ងៃ។

ការឱ្យដឹងបែបនេះ របស់ទេសរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងចុះពិនិត្យមើលស្ថានភាពផ្លូវថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងក្រុមមន្ត្រីជាច្រើននាក់ផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «លោកចុះពិនិត្យស្ថានភាពផ្លូវនេះ ដើម្បីសិក្សាមើលទៅលើការស្ថាបនា មានគម្រោងពង្រីកផ្លូវនេះឱ្យធំទូលាយ សិក្សាពីផលប៉ះពាល់ដំណោះស្រាយផ្សេងៗ ធ្វើយ៉ាងណាដើម្បីធ្វើផ្លូវមួយខ្សែនេះឱ្យបានធំទូលាយស្អាត រឹងមាំ ស្របតាមស្តង់ដា»

លោកទេសរដ្ឋមន្ត្រី ក៏បានព្រមានវិធានការផ្លូវច្បាប់ផងដែរ ចំពោះក្រុមឡាន ម្ចាស់ដេប៉ូខ្សាច់ ថ្ម គ្រួស ទាំងឡាយណាដែលហ៊ានល្មើស និងអំពាវនាវឱ្យមានការចូលរួមគោរពច្បាប់ទាំងអស់គ្នា ពិសេសចៀសផុតពីការដឹកលើសទម្ងន់ ដឹកមិនគ្រប ខ្សាច់ហូរប្រឡាក់ថ្នល់ ដែលជាហេតុនាំឱ្យកើតបញ្ហាជារឿងៗ។

ទោះយ៉ាងណា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកសរសើរពីការអភិវឌ្ឍនៅមូលដ្ឋានក្រុងតាខ្មៅផងដែរ ដែលចាំបាច់ត្រូវការខ្សាច់ ថ្ម គ្រួសជាដើម ហើយណែនាំឱ្យមានការដឹកត្រូវគោរពតាមបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ ដើម្បីរួមគ្នាបញ្ចៀសការបំផ្លាញផ្លូវ និងបំផ្លាញបរិស្ថានជាដើម។

គួរជម្រាបថា កាលពីម្សិលមិញនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានកោះហៅម្ចាស់ដេប៉ូខ្សាច់ចំនួន២២ដេប៉ូ ប្រជុំនៅសាលាខេត្ត ដោយបានព្រមានពួកគាត់ឱ្យគោរពតាមច្បាប់ឱ្យបានល្អ និងព្រមានពីវិធានការផ្លូវច្បាប់ ព្រមទាំងបានកំណត់ឱ្យម្ចាស់ដេប៉ូទាំងអស់ត្រូវជួយចេញថ្លៃជួសជុលផ្លូវលេខ១១៥នេះ និងស្ដារប្រព័ន្ធលូប្របតាមផ្លូវនេះ៧០% នៃតម្លៃសរុប៕