(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលាស្តីពីនីតិវិធីប្រតិបត្តិសម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ (SOP) ជូនសិក្ខាកាមជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការអញ្ជើញមកពីក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធនឹងការអនុវត្តគម្រោងអភិវឌ្ឍន៍នានាដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ក្រោមការរៀបចំសម្របសម្រួលដោយអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញត្ថុ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និង មន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នអនុវត្តគម្រោង។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា សិក្ខាសាលាកម្រិតអន្តរក្រសួង-ស្ថាប័នដែលមានរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងបន្ថែមអំពីខ្លឹមសារសំខាន់ៗនៃស្ដង់ដានីតិវិធីប្រតិបត្តិសម្រាប់ការងារដោះស្រាយផលប៉ះពាល់។ ជាពិសេសលើតួនាទីរបស់ស្ថាប័ន, ការទទួលខុសត្រូវ, ការរៀបចំផែនការដោះស្រាយផលប៉ះពាល់, ការពិគ្រោះយោបល់ជាសាធារណៈ, ការដោះស្រាយ បណ្តឹងតវ៉ា, និងការត្រួតពិនិត្យការងារដោះស្រាយផលប៉ះពាល់ សំដៅរួមចំណែកជំរុញការចូលរួមនិងបង្កើនប្រសិទ្ធភាពនៃ ការធ្វើលទ្ធកម្មដី និង ការងារដោះស្រាយផលប៉ះពាល់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនានា។

លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ ពេញលេញ និង ខ្ជាប់ខ្ជួននូវតួនាទី និងការទទួលខុសត្រូវដោយគោរពតាមបែបទនិងនីតិវិធីដែលជាស្តង់ដានីតិវិធីប្រតិបត្តិទាំងនេះ ពិតជាមានសារសំខាន់ក្នុងការងារធ្វើលទ្ធកម្មដី និងការងារដោះស្រាយផលប៉ះពាល់ ក៏ដូចជាការងារផ្សេងទៀតនៃគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈទាំងមូល ដែលអាចធានាបានការអនុវត្ត និងដំណើរការបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង ភាពស័ក្តិសិទ្ធ។

ទន្ទឹមនេះ លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា មានតែការចូលរួម ការសម្របសម្រួល និង កិច្ចសហការល្អគ្រប់ជ្រុងជ្រោយរវាងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទេ ទើបអាចបំពេញការងារដ៏មានសារសំខាន់ដែលមានភាពស្មុគស្មាញ និង ប្រទាក់ក្រឡានេះបាន ដោយជោគជ័យនិងទាន់ពេលវេលា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ជាចុងក្រោយ លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ក៏បានជំរុញ និង លើកទឹកចិត្តដល់សិក្ខាកាម សហការចូលរួមផ្សព្វផ្សាយបន្ត និងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីស្ដង់ដានីតិវិធីប្រតិបត្តិសម្រាប់ការងារដោះស្រាយផលប៉ះពាល់ឱ្យបានទូលំទូលាយជូនដល់គ្រប់ភាគីពាក់ព័ន្ធផ្សេងៗដូចជានាយកគម្រោង, អ្នកគ្រប់គ្រងឬចាត់ចែងគម្រោង, មន្ដ្រីជំនាញ និង ទីប្រឹក្សាដែលមានភារកិច្ចពាក់ព័ន្ធទាំងអស់ នៅពេលត្រឡប់ទៅកាន់ក្រសួង-ស្ថាប័នរបស់ខ្លួនវិញ៕