(ភ្នំពេញ)៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកស្រី នៅរសៀលថ្ងៃថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានសំណេះសំណាល ជាមួយសមាជិក សមាជិកា សមាគមសម្ព័ន្ធ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរ៉ឺម៉កសន្តិភាព និងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព រាជធានីភ្នំពេញ ដែលធ្លាប់បានចូលរួមសកម្មភាពក្នុងនាម ជាជំនួយការរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងពេលចុះជួយជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ នាពេលកន្លងមក។

លោក ប៉ាន់ខែម ប៊ុនថន បានថ្លែងកោតសរសើរចំពោះឆន្ទៈ និងសកម្មភាពរបស់បងប្អូន សមាជិក សមាជិកា សមាគមសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរ៉ឺម៉កសន្តិភាព រួមជាមួយ សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងសកម្មភាពបម្រើផលប្រយោជន៍សង្គម និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ក្នុងនាមជាខ្មែរតែមួយ ដែលកំពុងរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ តាមលំអានដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវខ្ពស់ចំពោះសេចក្តីសុខ និងភាពរីកចម្រើនជូនប្រជាជាតិកម្ពុជា។

ក្នុងឱកាសនោះ លោក ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន MADAM DA cosmetic ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក្នុងសកម្មភាពការងារសង្គមនេះផងដែរ។

លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកផ្តាំផ្ញើឲ្យសមាជិក សមាជិកាទាំងអស់ បន្តចូលរួមសកម្មភាពសង្គមល្អៗបន្តទៀត ហើយរួមគ្នាបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងបន្តទៀត៕