(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នឹងរៀបចំពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺ អេដស៍ឆ្នាំ២០២១ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះនៅលើទឹកដីខេត្តសៀមរាប ជាមួយនឹងការបង្ហាញប្រធានបទថ្មីទាន់ពេលវេលាមួយគឺ«ជំងឺអេដស៍៖ ស្ដីពីជំងឺឆ្លងរាតត្បាតដទៃ»។

ប្រធានបទថ្មីនេះ និងផ្លាកសញ្ញាជាការក្រើនរំលឹកដល់ពិភពលោកថា សូម្បីតែនៅក្នុងអំឡុងពេលរាតត្បាតដោយមេរោគកូវីដ១៩ ការប្រយុទ្ធនឹងមេរោគអេដស៍ គឺនៅតែជា ប្រធានបទ ដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់នៃសុខភាពសាធារណៈសកល ពីព្រោះវានៅតែធ្វើឲ្យបាត់បង់ជីវិតរាប់រយពាន់នាក់ជារៀងរាល់ឆ្នាំ។

ជាប្រពៃណីយូរអង្វែងមកហើយអង្គការ AHF រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមកពីជុំវិញពិភពលោក នឹងរៀបចំកម្មវិធីរំលឹកជាច្រើន រួមទាំងព្រឹត្តិការណ៍ ផ្សាយផ្ទាល់ និងព្រឹត្តការសង្គមដោយរក្សាគម្លាតសុវត្តិភាព ដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការធ្វើតេស្តឈាម ការបង្ការ និងការព្យាបាលជំងឺអេដស៍និងដើម្បីស្វែងរកការគាំទ្រក្នុងបន្តការប្រយុទ្ធដ៏សំខាន់នេះ។

មូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា (AHF) នឹងរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្រោមបាវចនា «ជំងឺអេដស៍» ស្ដីពីជំងឺឆ្លងរាតត្បាតដទៃ។ ប្រធានបទនេះ នឹងបន្ត បម្រើដល់ការដាស់តឿនថា ទោះជានៅអំឡុងការឆ្លងរាតត្បាតនៃជំងឺ COVID-19 ក៏ដោយ ពិភពលោកនៅតែត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឬ ហ៊ីវ (HIV) ដែលជាជំងឺឆ្លងមួយបានឆ្លងរាលដាលអស់រយៈពេលជាង៣០ឆ្នាំមកនេះ។

របាយការណ៍មួយចេញផ្សាយដោយមូលនិធិសកល Global Fund កាលពីពេលថ្មីៗនេះ បានបង្ហាញថា ជំងឺឆ្លងរាតត្បាតពិតជាជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ប្រព័ន្ធ សុខាភិបាល និងការផ្ដល់សេវានានានៅតាមបណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម នៅក្នុងតំបន់អាហ្វ្រិក និងអាស៊ីកាលពីឆ្នាំ២០២០។ ជាក់ស្ដែងការផ្ដល់ សេវាពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ HIV បានទទួលរងការរំខានដល់ជិត២ភាគ៣ នៃបណ្ដាប្រទេសទាំងនេះ។

បន្ថែមពីលើនេះ ការធ្វើរកមេរោគអេដស៍ក៏បានធ្លាក់ចុះ ៤០ភាគរយផងដែរ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ប៉ុន្តែ ទោះជាជួបបញ្ហាប្រឈមទាំងនេះក្ដី ជំងឺ COVID-19 មិនគួរត្រូវបានប្រើប្រាស់ជាលេសក្នុងការកាត់បន្ថយការឆ្លើយតបជាសកលទៅនឹងជំងឺអេដស៍នោះឡើយ ផ្ទុយទៅវិញវាចាំបាច់ត្រូវតែមានការប្ដេជ្ញាចិត្តបន្ថែមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់មនុស្សជាង ១.៤៧លាននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើតជាដើម។ សម្រាប់ព័ត៌មានលម្អិតអំពី សូមចូលទៅកាន់គេហទំព័រទំព័រហ្វេសប៊ុក៖ www.facebook.com/aidshealth ៕