(ភ្នំពេញ)៖ ក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយៈសម្រួលការដឹកជញ្ជូនទំនិញផលិតផល នៃចលនាភូមិមួយផលិតផលមួយនោះ កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា។

កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ហៅកាត់អគ្គលេខាធិការដ្ឋានភ១.ផ១.) ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ បានកំណត់ក្នុងគោលបំណងលើកកម្ពស់ផលិតផលខ្មែរ ក្នុងក្របខណ្ឌការងារជំរុញចលនាភូមិមួយផលិតផលមួយ ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋ ជាមួយនឹងវិស័យឯកជន ដើម្បីស្វែងរកទីផ្សារលក់ផលិតផលខ្មែរ ទាំងក្នុងប្រទេស ក្រៅប្រទេស និងសម្រួលដល់ការវេចខ្ចប់ ការដឹកជញ្ជូនរហ័សទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាព រក្សាបាននូវគុណភាពផលិតផលខ្មែរ ព្រមទាំងចូលរួមកាត់បន្ថយថ្លៃដើម ផលិត ផ្តល់ភាពងាយស្រួលក្នុងការអភិវឌ្ឍផលិតផល ដើម្បីរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានរៀបរាប់សវតារថា គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ (២០១៦-២០២៦) និងផែនការយុទ្ធសាស្រ្តជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី១ (២០១៩-២០២៣) ត្រូវបានរាជរដ្ឋាភិបាលអនុម័ត និងដាក់ឱ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយអនុវត្ត ក្រោមកិច្ចសហការនិងសម្របសម្រួលជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងរួមចំណែកឱ្យគោលនយោបាយនានាក្នុងការអភិវឌ្ឍន៍ជាតិ និងរក្សាជំរុញកំណើនសេដ្ឋកិច្ចឱ្យទទួលបានជោគជ័យ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ប្រជាជន និងលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុង វិស័យជំរុញ និងពង្រឹងគុណភាពផលិតផលក្នុងស្រុក និងស្វែងរកទីផ្សារលក់ផលិតផលទាំងនោះ។

ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំរវាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ជាមួយក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ និងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធ Zoom បានពិនិត្យឃើញ ថាតួនាទីភារកិច្ចរបស់ស្ថាប័នទាំងពីរមានភាពពាក់ព័ន្ធគ្នាយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងសហការគ្នាដើម្បីជួយដល់កសិករ និងផលិតករក្នុងការកាត់បន្ថយថ្លៃសេវាដឹកជញ្ជូន ផ្គត់ផ្គង់ផលិតផលឱ្យបានរហស័ទាន់ពេលកំណត់បំពេញសេចក្តីត្រូវការរបស់អតិថិជន ជំរុញការអភិវឌ្ឍផលិតផលខ្មែរក្នុងក្របខណ្ឌការងារជំរុញចលនាភូមិមួយផលិត ផលមួយ និងពង្រឹងពង្រីកប្រសិទ្ធភាពខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីផ្គត់ផ្គង់ដល់បណ្តាញទីផ្សារទំនើបនានានៅរាជធានីភ្នំពេញ និងទីផ្សារតាមបណ្តាខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីគាំទ្រការងារជំរុញចលនាភូមិមួយផលិតផលមួយ អគ្គលេខាធិការដ្ឋានភ១.ផ១. និងក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ នឹងសហការគ្នាអនុវត្តសកម្មភាពមួយចំនួនក្នុងជំហានទីមួយ រយៈពេល ២៤ ខែ (ម្ភៃបួនខែ) ចាប់ពីថ្ងៃចុះហត្ថលេខានៃភាគីទាំងពីរ ដើម្បីជួយបណ្តុះបណ្តាលផ្សព្វផ្សាយដល់កសិករ ផលិតករ ពីរបៀបវេចខ្ចប់ផលិតផល របៀបរក្សាគុណភាពផលិតផល ទុកដាក់ផលិតផលមុនបញ្ញើរ និងដឹកជញ្ជូនផលិតផលបញ្ញើរមកក្រុមហ៊ុន ដោយក្រុមហ៊ុនមានសាខាទូទាំង ២៥ រាជធានីខេត្ត និងតាមបណ្តាលស្រុក/ខណ្ឌ និងឃុំ/សង្កាត់ផងដែរ ដើម្បីជួយស្វែងរកទីផ្សារលក់ផលិតផលខ្មែរ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះនឹងអនុវត្តសាកល្បងនៅខេត្តដប់ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ ក្រចេះ កំពង់ចាម ព្រៃវែង ស្វាយរៀង កំពត និងខេត្តតាកែវ ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តនីមួយៗ និងកសិករ ផលិតករ។

គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនេះ មានដូចខាងក្រោម៖

១៖ លើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ទាំងសិប្បកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទភូមិមួយផលិតផលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស

២៖ លើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងស្ថាប័នសាធារណៈ (គណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ) វិស័យឯកជន (ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ) និងសមាគម ឬសហគមន៍អ្នកផលិតនៃផលិតផលខ្មែរ

៣៖ លើកម្ពស់ផលិតផលភូមិមួយផលិតផលមួយ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុន ថាំ ដើម្បីវេចខ្ចប់ និងដឹកជញ្ជូនបំពេញសេចក្តីត្រូវការរបស់អតិថិជនទាន់ពេលវេលា និងកាត់បន្ថយថ្លៃសេវាដឹកជញ្ជូនចំពោះផលិតករភូមិមួយផលិតផលមួយ

៤៖ លើកទឹកចិត្តផលិតករដោយលក់ផ្ទាល់ទៅអតិថិជន តាមរយៈផ្សារអនឡាញដោយមានការសម្រួលក្នុងការដឹកជញ្ជូនទំនិញដល់ដៃអ្នកប្រើប្រាស់ តាមរយៈក្រុនហ៊ុនវីរៈប៊ុនថាំជាដៃគូរ និងផ្តល់ជូនថ្លៃសេវាដឹកជញ្ជូនពិសេសជូនដល់សមាជិកចលនាភូមិមួយផលិតមួយទាំងអស់ របស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយទូទាំងប្រទេស៕