(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាសាច់ញាតិទាំងអស់ ចំពោះមរណភាពរបស់មហាឧបាសិកា ស ស៊ន់។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយសម្តេចក្រឡាហោម ស ខេង និងសាច់ញាតិទាំងអស់។

លោកទេសរដ្ឋមន្ត្រី បានគូសរំលេចថា មរណភាពរបស់មហាឧបាសិកា ស ស៊ន់ គឺជាបាត់បង់នូវបងស្រីបង្កើត និងជាម្តាយ ម្តាយក្មេក ជីដូន ជីដូនទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក មហាឧបាសិកាបានតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញវន្ត និងធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមលំឱនកាយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ស ស៊ន់ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

មហាឧបាសិកា ស ស៊ន់ បងស្រីបង្កើតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលមរណភាពនៅវេលាម៉ោង ៩៖៤៥នាទីយប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ។

សពមហាឧបាសិកា ស ស៊ន់ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហឋានលេខ៣៦៨ ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខាងក្រោយសាលាខណ្ឌសែនសុខ។ នៅថ្ងៃទី២៧ ខែវិច្ឆិកា សពមហាឧបាសិកា នឹងត្រូវរំកិល ហើយដង្ហែយកទៅធ្វើពិធីបូជានៅមុខវត្តបុទុមវតី៕