(សៀមរាប)៖ ស្រុកបន្ទាយស្រី ត្រូវបានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) យកធ្វើជាទីកន្លែងបង្កាត់ពូជ «សត្វខ្សឹប» លើកដំបូងគេនៅលើពិភពលោក ដែលស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាន នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទើបតែត្រូវបានបញ្ចប់ការសាងសង់រួចរាល់។

យោងតាម ហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានលើកឡើងថា កន្លែងបង្កាត់ពូជបក្សីដែលជិតផុតពូជមួយនេះ ជាកម្មវិធីបង្កាត់ពូជសត្វខ្សឹបដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលនឹងផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាពដល់សត្វខ្សឹប ដែលត្រូវបានសង្គ្រោះឱ្យស្តារសម្បទាឡើងវិញ និងបង្កលក្ខណៈងាយស្រួលដល់សត្វខ្សឹបបានក្រាបពង និងចិញ្ចឹមបីបាច់កូនរបស់ខ្លួន ។

ដោយឡែក ពងសត្វខ្សឹបដែលប្រមូលបានពីក្នុងព្រៃ ក៏នឹងត្រូវបានភ្ញាស់ដោយសិប្បនិមិត្តនៅទីនេះ ហើយកូនសត្វទាំងនោះនឹងត្រូវបានចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យ មុននឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្កាត់ពូជ ជាមួយនឹងក្តីសង្ឃឹមថា កូនដែលបង្កាត់បានទាំងអស់ នឹងត្រូវលែងឱ្យចូលទៅក្នុងព្រៃវិញនាពេលអនាគត ។

លោកបានបន្តទៀតថា «សត្វខ្សឹប - Bengal Florican» (ខ្លះហៅថា ក្ងោកទេពឬទ្រមាក់អណ្តើក) គឺជាប្រភេទបក្សីដ៏កម្របំផុតមួយនៅក្នុងពិភពលោក ដែលត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយមានវត្តមាននៅតែក្នុងប្រទេសឥណ្ឌា នេប៉ាល់ និងកម្ពុជាតែប៉ុណ្ណោះ ។ ចំនួនសត្វខ្សឹបត្រូវបានគេប៉ាន់ស្មានថា មាននៅសល់មិនដល់ ៥០០ក្បាលផងនៅលើពិភពលោក ហើយក្នុងនោះ មានជាង ១០០ក្បាល នៅក្នុងប្រទេសកម្ពុជា ។

លោក ឃឹម ហ្វីណង់ ពន្យល់ថា ការបង្កើតកន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងពេលនេះគឺជាមោទកភាពមួយរបស់កម្ពុជា និងជាជំហានដ៏សំខាន់បំផុតជាលើកដំបូង ដែលនឹងផ្តល់ក្តីសង្ឃឹមដល់ការកែប្រែជោគវាសនា និងទប់ស្កាត់ការដាច់ផុតពូជនៃបក្សីដ៏កម្រមួយប្រភេទនេះ ហើយដែលយើងទាំងអស់គ្នា ចាំបាច់ត្រូវតែចូលរួមជួយអភិរក្សថែរក្សាឱ្យបានទាំងអស់គ្នា៕