(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសអំពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីចំនួន២ប្រភេទទៀត រួមមាន៖ ប្រភេទ B1-640 និងប្រភេទ B1-1-529 ខណៈវីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 បានរីលដាលមកដល់ទឹកដីហុងកុងនៃទ្វីបអាស៉ីហើយ។

លោកស្រី ឱ វណ្ឌឌីន បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានចេញផ្សាយអំពីករណីរកឃើញនូវវីរុសកូវីដ១៩បំប្លែងថ្មីចំនួន២ប្រភេទទៀត រួមមាន៖

*ទី១៖ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-640 ដែលបានរាយការណ៍មកថា បានរកឃើញដំបូងគេនៅសាធារណរដ្ឋកុងហ្គោ (Republic of the Congo) នៃទ្វីបអាហ្វ្រិក ដែលអង្គការសុខភាពពិភពលោក បានកំណត់អំពីការរកឃើញកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

*ទី២៖ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 ដែលត្រូវបានរកឃើញដំបូងនៅប្រទេសបុតស្វាណា (Botswana) នៃទ្វីបអាហ្វ្រិកដែរ ហើយបានបន្តរាលដាលទៅដល់ប្រទេសមួយចំនួនទៀត ដូចជា៖ ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសស៉ីមបាវ៉េ (Zimbabwe) ប្រទេសអ៉ីស្រាអែល ចក្រភពអង់គ្លេស ហើយក៏បានបន្តឆ្លងមកដល់ទឹកដីហុងកុង នៃទ្វីបអាស៉ីថែមទៀត ក្នុងនោះគឺមានអ្នកដែលផ្ទុកមេរោគចំនួន២នាក់ ដែលបានធ្វើដំណើរមកពីប្រទេស អាហ្វ្រិកខាងត្បូង។ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 នេះ ត្រូវបានអង្គការសុខភាពពិភពលោកបានកំណត់ថាបានរកឃើញដំបូងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

តាមរយៈសារសំឡេងជិត១០នាទី លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការទាំងឡាយដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានណែនាំកន្លងមក ដូចជា ការអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» ការរក្សាគម្លាតសុវត្ថិភាព និងការពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬជែល ពិសេសគឺតាមដានអំពីបញ្ហាសុខភាពផ្ទាល់ខ្លួនផងដែរ៕

ខាងក្រោមនេះ ជាការបញ្ជាក់របស់លោកស្រី ឱ វណ្ឌឌីន៖