(បាងកក, ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើសាកលវិទ្យាល័យរាំងស៊ីត សាកលវិទ្យាល័យដ៏ល្បីមួយនៅក្នុងប្រទេសថៃនោះ ជួយផ្តល់អាហារូបករណ៍ឱ្យបានកាន់តែច្រើនដល់និស្សិតកម្ពុជា ជាពិសេសលើជំនាញទេសចរណ៍ ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ដែលជាចំណែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេស។

លោកបណ្ឌិត សុខ សុក្រឹត្យា បានស្នើបែបនេះក្នុងពេលរូបលោក ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អាធីត អ៊ុរៃរ៉ាត់ សាកលវិទ្យាធិការសាកលវិទ្យាល័យរាំងស៊ីត នាពេលថ្មីៗនេះ។ លោកបណ្ឌិត អាធីត ក៏ធ្លាប់ជាអតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតប្រធានរដ្ឋសភាពរបស់ថៃផងដែរ។

នៅក្នុងជំនួបនោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានបង្ហាញនូវក្តីរីករាយជាពន់ពេក ដែលមានឱកាសបានមកទស្សនកិច្ចសាកលវិទ្យាល័យរាំងស៊ីត ដែលជាបំណងរបស់លោកជាយូរមកហើយ។ លោកបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យរាំងស៊ីត ដើម្បីស្វះស្វែងរកកិច្ចសហការខាងមុខជំនាញវិជ្ជាជីវៈ និងទទួលការណែនាំពីលោកបណ្ឌិតសាកលវិទ្យាធិការពាក់ព័ន្ធវិស័យទេសចរណ៍។

លោក សុខ សុក្រឹត្យា បានបង្ហាញក្តីរំពឹងថា បើសិនប្រទេសកម្ពុជា មានកិច្ចសហការជាមួយសាកលវិទ្យាល័យរាំងស៊ីត នឹងទទួលបាននូវផលប្រយោជន៍រួមគ្នាក្នុងថ្ងៃអនាគតលើការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស។ ឆ្លៀតក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើដល់សាកលវិទ្យាល័យ ជួយផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។

លោក សុខ សុក្រឹត្យា បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។ ដូច្នេះការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា គឺជាការផ្តល់ជំនួយដ៏មានគុណតម្លៃសម្រាប់កម្ពុជា។

នៅក្នុងជំនួបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា និងលោក អាធីត បានជជែកគ្នាជាច្រើនលើវិស័យទេសចរណ៍។ លោកបណ្ឌិត អាធីត អ៊ុរៃរ៉ាត់ បានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសថៃ មិនមានជនជាតិណាប្រៀបប្រដូចនោះឡើយ ទៅលើសិល្បៈវប្បធម៌ និងអរិយធម៌។

សម្រាប់លោកបណ្ឌិត អាធីត ភាពលេចធ្លោលើវប្បធម៌ និងអរិយធម៌នេះ គឺជាសក្តានុពលដ៏មហាសាលក្នុងការកសាងខឿនទេសចរណ៍។ លោកបានគូសបញ្ជាក់ថា សាកលវិទ្យាល័យរាំងស៊ីតរីករាយសហការជាមួយប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើវិស័យទេសចរណ៍។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានថ្លែងអរគុណសកលវិទ្យាល័យរាំងស៊ីត ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជារៀងរហូតមក។ លោកបណ្ឌិតទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សាកលវិទ្យាល័យរាំងស៊ីតអោយបន្តផ្តល់អាហារូបករណ៍ផ្នែកវិស័យទេសចរណ៍ ដេីម្បីបំពេញបន្ថែមកង្ខះខាតធនធានមនុស្សទៅថ្ងៃអនាគត។

ក្នុងឱកាសនោះ លោកបណ្ទិត សុខ សុក្រឹត្យា បានជំរាបលោកបណ្ឌិតសាកលវិទ្យាធិការអំពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វេីឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ ប្រជាពលរដ្ឋរស់នៅប្រកដដោយស្នាមញញឹម និងមានភាពកក់ក្តៅ។

លោកបណ្ឌិត ក៏បានលើកបង្ហាញពីការដាក់ចេញនូវនយោបាយ និងវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងការបើកសកម្មភាពរស់នៅ ការធ្វើអាជីវកម្ម ការទទួលអ្នកទេសចរណ៍វ៉ាក់សាំងជាដើម។ លោក សុខ សុក្រឹត្យា ក៏បានបង្ហាញនូវភាពជោគជ័យរបស់រាជរដ្ឋាភិបាលលើការចាក់វ៉ាក់សាំអជូនប្រជាពលរដ្ឋផងដែរ។

លោកសាកលវិទ្យាធិការសាកលវិទ្យាល័យរាំងស៊ីត ក៏បានបង្ហាញនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសការយកឈ្នះលើជំងឺកូវីដ១៩ និងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន៕